លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានមកដល់ទីក្រុងហ្សឺណែវដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 និង ត្រៀមជួបចរចារជាមួយលោក Trump ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានមកដល់ទីក្រុងហ្សឺណែវកាលពីល្ងាចថ្ងៃចន្ទនេះ ដើម្បីចូលរួមជាមួយមេដឹកនាំនៃក្រុមប្រទេស G7។ មេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Evian-les-Bains របស់ប្រទេសបារាំង សម្រាប់កិច្ចប្រជុំកំពូលនៃក្លឹបប្រជាធិបតេយ្យដ៏មានឥទ្ធិពលនៃក្រុមប្រទេសទាំង៨ ជាមួយនឹងកម្លាំងចលករថ្មីមួយ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីអំពីកិច្ចព្រមព្រៀងមួយដែលលោកនិយាយថា នឹងនាំមកនូវការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកនឹងព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ឱ្យបន្តគាំទ្រអ៊ុយក្រែន និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី និងដើម្បីជួយពន្លឿនដល់កិច្ចព្រមព្រៀងសន្តិភាពរវាងពួកគេដែរ។ លោក Macron នឹងជួបជាមួយលោក Trump នៅឯកិច្ចប្រជុំកំពូលប្រទេស G7 នៅក្នុងទីក្រុងរមណីយដ្ឋាន Evian-les-Bains របស់ប្រទេសបារាំង ដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏នឹងចូលរួមដែរនៅថ្ងៃអង្គារនេះ សម្រាប់ការចរចាគ្នា។ លោក Trump ក៏បានមកដល់ទីក្រុង Evian-les-Bains កាលពីថ្ងៃចន្ទ ដើម្បីអញ្ជើញពិភាក្សាជាមួយមេដឹកនាំ G7 រួមទាំងប្រទេសខ្លះទៀត ដែលធ្លាប់បានរិះគន់លោកយ៉ាងចាស់ដៃចំពោះការគ្រប់គ្រងជម្លោះរយៈពេលប្រហែលជា ១៥សប្តាហ៍មកនេះ ដែលបាននាំឱ្យមានការកើនឡើងនូវតម្លៃថាមពលសកល៕
សម្រួលអត្ថបទ៖ សុផារិន្ទ





