ព្រឹកនេះនៅប្រទេសឥណ្ឌណេស៊ីមានគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះ ប៉ុន្តែមិនបណ្តាលឱ្យ មានមនុស្សស្លាប់ ឬ របួសនោះទេ
គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានបន្តវាយប្រហារដោយរញ្ជួយខ្លាំងៗជាបន្តបន្ទាប់ដែរ។ គ្រោះរញ្ជួយដីដំបូងបានបង្កឱ្យមានរលករញ្ជួយខ្លាំងៗដែលមានរយៈពេលជាងមួយនាទី ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីការខូចខាត ឬមានមនុស្សស្លាប់ និងរបួសភ្លាមៗនោះទេ។ គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ៤៦ គីឡូម៉ែត្រ ខាងកើតនិងអាគ្នេយ៍នៃទីក្រុង Palu ដែលជារដ្ឋធានីនៃភាគកណ្តាលខេត្ត Sulawesi ។ យោងតាមការស្ទាបស្ទង់ផ្នែកភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីគឺវាមានជម្រៅប្រហែល ១០ គីឡូម៉ែត្រ ហើយការរញ្ជួយដីជាបន្តបន្ទាប់គឺមានកម្រិត ៥.២ រ៉ិចទ័រ។ ប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេសមួយដែលតែងតែ មានគ្រោះរញ្ជួយដីជាច្រើនផងដែរ បន្ទាប់ពីប្រទេសហ្វីលីពីននៅតំបន់អាស៊ីអាគ្នេយ៍ ហើយគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងវាបានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ប្រជាជនឥណ្ឌូណេស៊ី។ សូមរំលឹកថាកាលពីខែមករា ឆ្នាំ ២០២១ ឥណ្ឌូណេស៊ីបានរងគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រនៅជិតទីក្រុង Mamuju ស្ថិតនៅលើកោះ Sulawesi ដូចគ្នាបានបណ្តាលឱ្យមនុស្ស១០០នាក់ស្លាប់ និង បណ្តាលឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែករស់នៅ និង ដេកនៅខាងក្រៅជម្រកអស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែពួកគេភ័យខ្លាចការរញ្ជួយដីមកជាបន្តបន្ទាប់និងកម្រិតខ្លាំងៗជាងមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ





