លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារនៅបុរីកុមារខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កុមារដែលកំពុងស្ថិតក្រោមការថែទាំនៅ បុរីកុមារខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងដំណើរចុះសួរសុខទុក្ខដ៏មានអត្ថន័យនេះ លោកជំទាវប្រធានកិត្តិយស និងគណៈប្រតិភូ បានពិនិត្យមើលពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កុមារកំព្រា និងកុមារងាយរងគ្រោះ ដោយបានបង្ហាញនូវក្តីស្រលាញ់ អាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកាសមាគមនារី ព្រមទាំងបានលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំរៀនសូត្រ និងថែទាំសុខភាពឱ្យបានល្អ ដើម្បីអនាគតភ្លឺស្វាង។






