ក្រសួងធម្មការនិងសាសនា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ក្នុងការបន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” មកដល់លើកទី ៣៣៣ ស្មើរនឹង១១២៤មាតិកាព្រះធម៌

ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣៣៣ ស្មើនឹង១១២៤ មាតិកាព្រះធម៌ នៅទីស្តីក្រសួង រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖

១-ព្រះធម៌ទេសនា រមែងញ៉ាំងអ្នកស្តាប់ឱ្យកើតបាននូវបញ្ញា បានយល់ដឹង និងប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ជានិច្ច។

២-អ្នកស្តាប់ធម៌ដោយល្អ ហើយប្រកាន់ខ្ជាប់នូវកិច្ចគួរកំណត់ដឹង គួរលះបង់ គួរធ្វើឱ្យជាក់ច្បាស់ និងគួរចម្រើន ដើម្បីចៀស វាងនូវសេចក្តីធ្វេសប្រហែសក្នុងដំណើរជីវិតរបស់ខ្លួន។

៣-អ្នកស្តាប់បានយល់ដឹងបន្ថែម អំពីការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ 

៤-អ្នកស្តាប់បានយល់ដឹងពីផលប៉ះពាល់នៃការសេពគ្រឿង ញៀន គ្រឿងស្រវឹង , និង ការជួញដូរមនុស្ស។

៥-ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីផលប៉ះពាល់នៃការប្រើ អំពើ ហិង្សា ក្នុងគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល។

៦-ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីការប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីបង្ការ និងការពារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

៧-ព្រះធម៌ទេសនាអាចជួយជំរុញលើកទឹកចិត្តដល់ប្រជាពុទ្ធបរិស័ទឱ្យប្រព្រឹត្តល្អដោយកាយ វាចា និងចិត្ត ដើម្បីចូលរួមចំណែកថែរក្សា ភូមិ ឃុំ មាន សុវត្ថិភាព។ 

៨-ជំរុញលើកទឹកចិត្តពុទ្ធបរិស័ទ និងសិស្ស និស្សិតគ្រប់រូប ឱ្យចូលរួមការសិក្សា ការអាន និងការស្រាវជ្រាវ ដើម្បីបំបាត់អនក្ខរភាព និងឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ 

៩-ការចិញ្ចឹមកូនបែបវិជ្ជមាន គឺឪពុកម្តាយគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ និងសង្គហធម៌៥ ជានិច្ច។

១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កម្មវិធីនេះក៏ត្រូវបាន បន្តអនុវត្តនិងផ្សព្វផ្សាយ ជាបន្តបន្ទាប់បានមកដល់លើកទី ៣៣៣ ស្មើរនឹង១១២៤មាតិកាព្រះធម៌ ហើយទទួលបានការគាំទ្រយ៉ាង ច្រើនពីសំណាក់ប្រជាពលរដ្ឋ។

ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន ដោយផ្សារភ្ជាប់វិស័យពុទ្ធចក្រនិងអាណាចក្រ បានអនុញ្ញាតឲ្យ អគ្គនាយកដ្ឋានកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា សហការជាមួយនឹងអគ្គនាយកដ្ឋានវិទ្យុ-ទូរទស្ស ន៍រដ្ឋ និងឯកជនចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំ ទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យក ព្រះធម៌ ជាគោល មក ពិចារណា អ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣៣៣ ស្មើនឹង១១២៤ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះអរិយវង្ស ហង្ស សាវី ព្រះធម្មមង្គលមុនី ម៉ន បូរ៉ា និងព្រះទេសន៍និយម ផាយ រិទ្ធី  និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕