លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ជំរុញបន្ថែមដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវរួមគ្នាជួយឱ្យប្រទេសជាតិកាន់តែខ្លាំងចំណេះដឹងជំនាញ និងសីលធម៌របស់ខ្លួន
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ជាប្រធានក្រុមការងារថ្នាក់មូលដ្ឋានចុះជូយក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានអំពាវនាវដល់សិស្សទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចូលរួមចំណែកជាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំងតាមរយៈការបន្តពង្រឹងចំណេះដឹងជំនាញនិងសីលធម៌របស់ខ្លួន។
មានប្រសាសន៍កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A សរុប៥នាក់ ក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា បច្ចុប្បន្នពិភពលោក មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសង្គមជាតិមួយ អាចវិវឌ្ឍន៍ទៅលឿនបាន គឺពឹងផ្អែកលើធនធានមនុស្សមានជំនាញ និងចំណេះដឹង។ បើមិនមានចំណេះដឹង និងជំនាញ កម្ពុជា មិនអាចប្រកួតប្រជែងបានជាមួយបណ្តាប្រទេសជិតខាងនិងពិភពលោកបានឡើយ។
ក្នុងន័យនេះលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌកំបូល លើកទឹកចិត្តដល់ក្មួយៗ ធ្វើយ៉ាងខិតខំប្រឹងប្រែងបន្តអោយកាន់តែល្អនិងបានអំពាវនាវដល់សិស្សផ្សេងៗត្រូវព្យាយាមសិក្សាស្រាវជ្រាវបន្ថែម ត្រូវរួមគ្នាជួយឱ្យប្រទេសកម្ពុជាខ្លាំង។ ជាមួយគ្នានោះ លោកគ្រូអ្នកគ្រូ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាត់បង្រៀន ឱ្យមានមូលធនមនុស្សកាន់តែខ្លាំងនិងច្រើននៅកម្ពុជា។
លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ លើការបង្កើនធនធានមនុស្ស។ ក្នុងនោះ លោកគ្រូអ្នកគ្រូ សូមយកចិត្តទុកដាក់ផងដែរ លើការពង្រឹងផ្នែកសីលធម៌ ដល់សិស្សានុសិស្ស ព្រោះការមានចំណេះដឹង និងជំនាញតែមួយមុខ មិនគ្រប់គ្រាន់ទេ ប្រសិនបើគ្មានសីលធម៌ក្នុងខ្លួននោះ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានបណ្តុះបណ្តាលដល់សិស្ស ឱ្យសិក្សាទទួលបានលទ្ធផលល្អ នឹងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។
សូមជម្រាបថា សម្រាប់រង្វាន់លើកទឹកចិត្ត លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងសមាជិក សមាជិកាមូលដ្ឋានខណ្ឌកំបូល ជូនដល់សិស្សជ័យលាភី សិស្សនិទ្ទេស A ចំនួន៥នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង និងថវិកា១០ម៉ឺនរៀលផងដែរ។


