ពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥

ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីសំណេះសំណាលជាមួយប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្វឹក គ្រូជំនួយ និងបងប្អូនអត្តពលិកយ៉ាងច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍សង្ខេប និងសម្តែងនូវការគោរពស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម សំហេង បុរស និងគណៈអធិបតីទាំងមូល។ ក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ចូលរួមការប្រកួតសំខាន់ៗចំនួន ៣កម្រិតជាខ្នាតអន្តរជាតិ រួមមាន៖ កម្រិតអាស៊ាន អាស៊ី និងពិភពលោក។ សម្រាប់កម្រិតអាស៊ី កម្ពុជាបានចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១០ និងការប្រកួតយុវជនអាស៊ីប៉ារ៉ាហ្គេម (Asian Youth Para Games) ចំនួន ២លើក។ ជាលទ្ធផលនៃការចូលរួមប្រកួតលើឆាកអន្តរជាតិនានា អត្តពលិកជនពិការកម្ពុជាសម្រេចបានស្នាដៃដណ្តើមជូនជាតិនូវមេដាយសរុបចំនួន ២៨១គ្រឿង (មាស ៤៦គ្រឿង, ប្រាក់ ១១៣គ្រឿង និងសំរិទ្ធ ១២២គ្រឿង)។ ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា គណៈកម្មាធិការ និងប្រធានប៉ារ៉ាឡាំពិកអាស៊ី បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តប្រកបដោយវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩»។

បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនានា ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណដល់ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត និងជូនពរដល់ប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកជនពិការសរុប ៣១ អង្គ/នាក់ (កីឡាករ-កីឡាការិនី ១៧ នាក់) ដែលត្រូវចូលរួមប្រកួតលើ ៥ ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ អាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងណាហ្គោយ៉ា (Nagoya) ប្រទេសជប៉ុន នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ និងបន្តស្មារតីតស៊ូ សាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជនពិការកម្ពុជាឱ្យកាន់តែរីកចម្រើន ៕