រដ្ឋ Andhra Pradesh របស់ឥណ្ឌារងនូវភ្លៀងធ្លាក់ខ្លាំង និងមានព្យុះស៊ីក្លូនបោកបក់ផ្ទួនៗគឺព្យុះស៊ីក្លូន Murasu និងព្យុះ Arnab បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ ពន្លិចដីចំការកសិកម្ម
ភ្លៀងធ្លាក់យ៉ាងខ្លាំងបានកើតឡើងនាព្រឹកថ្ងៃអង្គារនេះ នៅភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីព្យុះស៊ីក្លូនទីពីរបានវាយប្រហារតំបន់នេះក្នុងរយៈពេលពេញមួយសប្តាហ៍ ដែលបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ចេញ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឱ្យដឹងថា ព្យុះស៊ីក្លូនដែលមានឈ្មោះថា Murasu បានបោកបក់ចូលមកដល់ដែនដីគោកនាពេលព្រឹកនេះ ដែលស្ថិតនៅជិតតំបន់ Ongole ក្នុងស្រុក Prakasam នៃរដ្ឋ Andhra Pradesh ដោយមានល្បឿនខ្យល់បក់ខ្លាំងបំផុតចន្លោះពី ១០០ ទៅ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ គេព្យាករណ៍ទៀតថា វានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀតរយៈពេលជាច្រើនម៉ោង ខណៈដែលព្យុះនេះចាប់ផ្តើមថមថយឥទ្ធិពលបន្តិចក្តី។ មុនពេលព្យុះនេះមកដល់ អាជ្ញាធរបានបញ្ជាឱ្យបិទសាលារៀន ផ្អាកសេវាកម្មរថភ្លើង និងជើងហោះហើរមួយចំនួននៅក្នុងតំបន់ដែលអាចងាយរងគ្រោះថ្នាក់បាន។ មនុស្សរាប់ពាន់នាក់ក៏ត្រូវបានគេជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាពផងដែរ។ អាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់នេះអាចបង្កជាទឹកជំនន់នៅក្នុងតំបន់ទំនាប និងរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋឥណ្ឌា។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានបញ្ជាក់បន្ថែមថា៖ ស្ថានភាពនេះអាចនឹងមានរលកព្យុះកម្ពស់រហូតដល់ទៅ ១,៥ ម៉ែត្រ នៅតាមតំបន់ឆ្នេរសមុទ្រ។ ព្យុះនេះបានកើតឡើងនៅពីលើឈូងសមុទ្រ Bengal ដែលជាតំបន់មានទឹកសមុទ្រក្តៅឧណ្ហៗ ជាកន្លែងដែលធ្លាប់បង្កើតឱ្យមានព្យុះស៊ីក្លូនដ៏សាហាវបំផុតមួយចំនួនកន្លងទៅដែរ ដែលបានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌា ប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ា។ កាលពីសប្តាហ៍មុន ព្យុះស៊ីក្លូនមួយឈ្មោះ Arnab ក៏បានវាយប្រហារផ្នែកខ្លះនៃរដ្ឋ Andhra Pradesh នេះដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងធ្វើឱ្យផ្ទៃដីកសិកម្មប្រហែល ២សែនអារត្រូវលិចលង់ដោយទឹកភ្លៀង៕
សម្រួលអត្ថបទ៖ សុផារិន្ទ


