ប្រពៃណីជួបជុំទទួលទានអាហារជុំគ្នានៅទីបញ្ចុះសពនៃពិធីបុណ្យ All Souls’ Day របស់ប្រជាជនអេក្វាឌ័រនៅតំបន់អាម៉េរិកឡាទីនមានភាពស្រដៀងគ្នាទៅនឹងពិធីសែនផ្នូររបស់អាស៊ី
ក្រុមគ្រួសារជនជាតិអេក្វាឌ័របានជួបជុំគ្នានៅទីបញ្ចុះសព Calderón ក្នុងភាគខាងជើងនៃទីក្រុង Quito ដើម្បីប្រារព្ធពិធី All Souls’ Day ។ នេះគឺជាថ្ងៃដែលមនុស្សរាប់ពាន់នាក់បានចូលមករំលឹកដល់សាច់ញាតិដែលបានស្លាប់ទៅហើយ ដោយមានការនាំយកផ្កាទៅដាក់ មានបួងសួង និងការជួបជុំគ្រួសារនៅឯផ្នូរសព។ ប្រពៃណីនេះត្រូវបានអនុវត្តនៅក្នុងប្រទេសអេក្វាឌ័រ និងប្រទេសដទៃទៀតនៅតំបន់អាមេរិកឡាទីន ក្នុងគោលបំណងគោរពរំលឹកដល់ការចងចាំអំពីអ្នកដែលបានស្លាប់ និងរក្សាទំនាក់ទំនងជាមួយអ្នកដែលលែងមានវត្តមាននៅលើលោកយើងនេះទៀតហើយ។ នៅតាមទីបញ្ចុះសព អ្នកដែលមកចូលរួមបានសម្អាតផ្ទាំងថ្មលើផ្នូរសព តុបតែងផ្នូរ ហើយក្នុងករណីខ្លះ ពួកគេក៏បានបរិភោគអាហាររួមគ្នាជិតកន្លែងសម្រាកចុងក្រោយរបស់សាច់ញាតិពួកគេផងដែរ។ លោក Jorge Ticona ដែលបានមកទស្សនាផ្នូរកូនប្រុសរបស់គាត់បាននិយាយថា៖ ប្រពៃណីរបស់យើងគឺការជួបជុំគ្នាដើម្បីទៅសួរសុខទុក្ខ Víctor ដែលប្រៀបបាននឹងទេវតាតូចមួយរបស់យើងនៅលើស្ថានសួគ៌។ លោកបន្តថា៖ គាត់គឺជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងគ្រួសាររបស់យើង ដែលតែងតែណែនាំផ្លូវ និងផ្តល់ប្រាជ្ញាដល់យើង ដើម្បីឱ្យយើងអាចបន្តដំណើរជីវិតទៅមុខទៀតបាន។ នៅក្បែរផ្នូរដែលតុបតែងដោយផ្កា មានអ្នកស្រី Rosa Fuentes ដែលបានរៀបរាប់អំពីការយកចិត្តទុកដាក់របស់គ្រួសារអ្នកស្រី ក្នុងការរក្សាការចងចាំអំពីសាច់ញាតិដែលបានចែកឋានទៅហើយនោះ។ អ្នកស្រីបានលើកឡើងថា៖ ការចងចាំអំពីពួកគេនៅក្នុងថ្ងៃពិសេសដូចថ្ងៃនេះសោត គឺជារឿងសំខាន់សម្រាប់ក្រុមគ្រួសារ។ ស្វាមីរបស់ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះពួកគេជានិច្ច។ គាត់មិនរង់ចាំតែថ្ងៃនេះទេ គឺគាត់តែងតែចងចាំជានិច្ច ដោយមកសម្អាត និងលាបថ្នាំលើឈើឆ្កាង។ គាត់គឺជាអ្នកមើលការខុសត្រូវលើរាល់កិច្ចការងារទាំងអស់»។ «ទិវាអ្នកស្លាប់ ឬ All Souls’ Day » គឺជាពិធីបុណ្យមួយដែលមានឫសគល់យ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសអេក្វាឌ័រ ដែលការជួបជុំគ្រួសារ និងការទៅសំអាតនៅទីបញ្ចុះសព គឺជាផ្នែកមួយនៃប្រពៃណីដែលរួមបញ្ចូលគ្នានូវជំនឿ ការរំលឹកដល់អ្នកដែលបានស្លាប់ និងសាមគ្គីភាពក្នុងសហគមន៍ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ


