រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពរឹងមាំរបស់គ្រឹះស្ថានថែទាំ និងព្យាបាលនៅមូលដ្ឋាន គឺជាបង្អែកសុខាភិបាលយ៉ាងពិតប្រាកដ ក្នុងបេសកកម្មបម្រើសុខភាព សុខុមាលភាពប្រជាពលរដ្ឋ»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញាក្នុងពេលឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ៣០០៥នាក់។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គប្រជុំអំពីដំណើរការ និងលទ្ធផលនៃការសាកសួររបស់ស្ថាប័នព្រឹទ្ធសភា លើសមិទ្ធិផលរបស់វិស័យសុខាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។ នៅក្នុងជំនួបនោះ ការខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានថែទាំ និងព្យាបាល ជាពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យជាតិ ត្រូវបានទទួលការកោតសរសើរពីស្ថាប័ននិតិបញ្ញត្តិ ដែលនេះជាកិត្តយសដ៏ធំធេង របស់មន្រ្តីសុខាភិបាលទាំងអស់។ បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើរឱ្យមន្រ្តីសុខាភិបាល បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបឋកថាលើការគ្រប់គ្រងភាពមិនប្រាកដប្រជា មកបកស្រាយបន្ត ដោយបានលើកយកឧទាហរណ៍ជាក់ស្តែងមួយនៃការអភិវឌ្ឍន៍មន្ទីរពេទ្យកាល់ម៉ែត និងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្នុងវិស័យសុខាភិបាលគ្រប់រូបមានភាពក្លាហាន ក្នុងការប្រឈមនឹងភាពមិនប្រាកដប្រជា ដើម្បីឈានទៅសម្រេចបានគោលដៅ ដែលមើលទៅឃើញហាក់ដូចជាលើសពីសមត្ថភាព។

ក្នុងឱកាសនេះផងដែរ មណ្ឌលសុខភាពកោះកេរ្ត៍ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញពីការវិវត្តន៍រីកចម្រើនរបស់មណ្ឌលសុខភាព និងបានរំលេចនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា ការរៀបចំសេវាបញ្ចូនប្រជាជន ពីភូមិដាច់ស្រយ៉ាលមកមណ្ឌលសុខភាពត្រូវការសេវាបន្ទាន់ ការជួយលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងការបំផុសគំនិតសហគមន៍ ឱ្យចូលរួមធ្វើជាម្ចាស់លើមណ្ឌលសុខភាព។