រដ្ឋមន្ត្រីព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយដែលគួរឱ្យទុកចិត្ត ជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យសុខាភិបាល អប់រំ និងការអភិវឌ្ឍសហគមន៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដែលគួរឱ្យទុកចិត្ត មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដល់សាធារណជន ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល អប់រំ និងការអភិវឌ្ឍសហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវ មិនត្រឹមតែរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ ស្ថាប័នសាធារណៈ និងអ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយលោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពង្រីកការទទួលបានព័ត៌មានដែលត្រឹមត្រូវ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត នឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបញ្ហាអភិវឌ្ឍន៍សង្គមនានា ព្រមទាំងធានាថា ប្រជាពលរដ្ឋដែលមានការចូលដំណើរការបច្ចេកវិទ្យាឌីជីថលនៅមានកម្រិត មិនត្រូវបានទុកឱ្យនៅឆ្ងាយពីការទទួលបានព័ត៌មាននោះឡើយ។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានជម្រាបជូនអំពីលទ្ធផលនៃការស្ទង់មតិអ្នកស្តាប់វិទ្យុ ដែលបានអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីសិក្សាពីតម្រូវការព័ត៌មាន និងទម្លាប់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ។
លោកស្រីបានបញ្ជាក់ថា លទ្ធផលស្ទង់មតិនេះ នឹងជួយឱ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ពង្រឹងគុណភាពកម្មវិធីផ្សព្វផ្សាយ និងឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់ទស្សនិកជន តាមរយៈការពង្រីកកម្មវិធីអប់រំសុខភាព ការផ្សព្វផ្សាយព័ត៌មានពិត សមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រី និងកុមារ។
លោកស្រីបានបន្ថែមថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានបំពេញបេសកកម្មបម្រើសង្គមកម្ពុជាអស់រយៈពេល៣០ឆ្នាំ ដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងវេទិកាឌីជីថល ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សាធារណជន ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិស័យសារព័ត៌មាន។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះការរួមចំណែករបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងការផលិតព័ត៌មាន និងកម្មវិធីអប់រំប្រកបដោយគុណភាព ជាពិសេសលើវិស័យសុខាភិបាល អប់រំ ស្ត្រី និងកុមារ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការបន្តលើកកម្ពស់គុណភាពខ្លឹមសារព័ត៌មាន និងកម្មវិធីអប់រំ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានពិត និងគណនេយ្យភាព ព្រមទាំងផលិតខ្លឹមសារដែលមានភាពទាក់ទាញ ងាយស្រួលទទួលយក និងឆ្លើយតបនឹងតម្រូវការរបស់មហាជនក្នុងយុគសម័យឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យអង្គការពង្រឹងវត្តមានលើបណ្តាញសង្គម និងវេទិកាឌីជីថលផ្សេងៗ ស្របពេលបន្តរក្សាការផ្សាយតាមរយៈវិទ្យុ ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសយុវជន និងប្រជាពលរដ្ឋរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ស្របតាមនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ជាថ្មីថា ក្រសួងព័ត៌មាននឹងបន្តគាំទ្រដល់ស្ថាប័នសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយដែលប្រកាន់ខ្ជាប់នូវការអនុវត្តវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ និងផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ព្រោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាចំណែកដ៏សំខាន់ក្នុងការពង្រឹងបរិយាកាសព័ត៌មាននៅកម្ពុជា លើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕







