ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រៀបចំកិច្ចប្រជុំលើកទី៤ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា
រាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានជួបពិភាក្សាស្វែករកដំណោះស្រាយ ក្នុងការលើកកម្ពស់បរិយា កាស ធុរកិច្ច ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម រួមមានការនាំចូលនិងផលិតកម្មអំបិល ការទទួលបានហិរញ្ញប្បទាន ការលើកទឹកចិត្តវិនិយោគ ថ្លៃអគ្គិសនី នីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម ការអនុវត្តបទប្បញ្ញត្តិផ្នែកបរិស្ថាន បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ការកែច្នៃគ្រាប់ស្វាយចន្ទី ការបញ្ជាក់ស្តង់ដាផលិតផល ការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» បានគូសបញ្ជាក់ថា៖ “តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ មិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបានលើកឡើងនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់ អាចអនុវត្ត និងតាមដានបាន។ បញ្ហាប្រឈមរបស់វិស័យឯកជន មិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយ ឬបទប្បញ្ញត្តិនោះទេ។ ក្នុងករណីជាច្រើន បញ្ហាកើតចេញពីគម្លាតរវាងគោលនយោបាយ ការអនុវត្ត និងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច។”
ការពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពបើកចំហ និងស្ថាបនា ដោយបញ្ហា និងសំណូមពរទាំងអស់ត្រូវបានពិនិត្យ និងដោះស្រាយក្នុងក្របខណ្ឌក្រុមការងារ ទាំងនៅកម្រិតបច្ចេកទេស និងកម្រិតគោលនយោបាយ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួន រួមមានការបន្តធ្វើសាមញ្ញកម្មនីតិវិធី និងរដ្ឋបាល ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រីកការបណ្តុះបណ្តាលជំនាញផ្អែកលើតម្រូវការរបស់ឧស្សាហកម្ម គាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការសម្របសម្រួលស្ថាប័ន និងកំណត់យន្តការតាមដាន ដើម្បីធានាការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព។
ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន ពិភាក្សា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្ត ដែលប៉ះពាល់ដល់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា។
យន្តការនេះមានគោលបំណងប្រែក្លាយបញ្ហាប្រឈមរបស់វិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញការអភិវឌ្ឍវិស័យឯកជន ៕







