រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុទ្ធនាការ «ឆន្ទៈល្អ» លើកទី២ ផ្តោតលើការអនុវត្តច្បាប់ជាក់ស្តែង ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការពារសុខុមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) បានគូសបញ្ជាក់ថា យុទ្ធនាការ «ឆន្ទៈល្អ» លើកទី២ ផ្តោតលើការប្រែក្លាយការយល់ដឹងអំពីច្បាប់ និងការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ទៅជាការអនុវត្តជាក់ស្តែងនៅក្នុងទីផ្សារ ដើម្បីធានាថា ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ប្រព្រឹត្តទៅដោយគោរពច្បាប់ មានសណ្តាប់ធ្នាប់ និងទទួលខុសត្រូវចំពោះសង្គម។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើក «យុទ្ធនាការឆន្ទៈល្អ លើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មមិនមែនជាការរារាំងការធ្វើធុរកិច្ច ឬបិទទីផ្សារនោះទេ ប៉ុន្តែជាការរៀបចំទីផ្សារឱ្យមានសណ្តាប់ធ្នាប់ លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត និងធានាថា ការរីកចម្រើនរបស់វិស័យឯកជនដើរទន្ទឹមនឹងការការពារសុខភាព និងផលប្រយោជន៍សាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់អាជីវកម្មមិនគួរត្រូវបានវាស់វែងត្រឹមតែបរិមាណលក់ ឬប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរផងដែរអំពីការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ សុខភាពសាធារណៈ កុមារ និងយុវជន ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងការគោរពវប្បធម៌ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មអាចមានភាពទាក់ទាញ និងច្នៃប្រឌិត ដោយមិនបំផ្លើសការពិត មិនបោកបញ្ឆោតអ្នកប្រើប្រាស់ និងមិនបង្កផលប៉ះពាល់ដល់សង្គម។ ជាមួយគ្នានេះ ការប្រើប្រាស់រង្វាន់ ការផ្សងសំណាង និងយន្តការលើកទឹកចិត្តនានាដែលអាចជំរុញឱ្យមានការប្រើប្រាស់ផលិតផលហួសកម្រិត ត្រូវស្ថិតក្រោមការគ្រប់គ្រងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រួមទាំងការបង្កើតក្រុមការងារអន្តរក្រសួង និងការដាក់ចេញប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ វិធានការទាំងនេះមានគោលបំណងធានាថា ការផ្សព្វផ្សាយប្រព្រឹត្តទៅដោយគោរពច្បាប់ និងមានការទទួលខុសត្រូវ មិនមែនដើម្បីបញ្ឈប់សកម្មភាពធុរកិច្ចនោះទេ។

ឯកឧត្តមក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត និងការទទួលទានភេសជ្ជៈមានជាតិស្ករច្រើនលើសកម្រិត ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពចរាចរណ៍ ផលិតភាពការងារ ជីវភាពគ្រួសារ និងសង្គមទាំងមូល។ ដូច្នេះ ការលើកកម្ពស់ការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីវិធានការអាទិភាពចំនួន៥ ដែលត្រូវបន្តជំរុញការអនុវត្ត រួមមាន៖

១. ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ដោយធានាថា ការផ្សព្វផ្សាយពាណិជ្ជកម្មប្រព្រឹត្តទៅតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ ព្រមទាំងបង្កើនការត្រួតពិនិត្យខ្លឹមសារមុន និងក្រោយពេលផ្សាយ។

២. ការពារកុមារ អនីតិជន និងយុវជន ពីការផ្សព្វផ្សាយដែលមិនសមស្រប ជាពិសេសតាមប្រព័ន្ធឌីជីថល និងតាមរយៈអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។

៣. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងការគោរពវប្បធម៌ជាតិ ដោយជំរុញការផលិតមាតិកាផ្សាយពាណិជ្ជកម្មដែលមានភាពច្នៃប្រឌិត សមស្រប និងគោរពតម្លៃសង្គម។

៤. បង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព និងសុវត្ថិភាពសាធារណៈ ដោយធានាថា សារអប់រំមានភាពច្បាស់លាស់ ងាយមើលឃើញ និងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់។

៥. ពង្រឹងការគ្រប់គ្រងទីតាំង ពេលវេលា និងបណ្តាញផ្សព្វផ្សាយ ទាំងតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធឌីជីថល ដោយធានាថា ភាគីពាក់ព័ន្ធទាំងអស់អនុវត្តតាមស្តង់ដារដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុលោមតាមច្បាប់មិនគួរមានតែនៅក្នុងឯកសារនោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង ដូចជា ការកែសម្រួលយុទ្ធសាស្ត្រទីផ្សារ ការត្រួតពិនិត្យខ្លឹមសារមុនពេលផ្សាយ ការដកចេញនូវមាតិកាដែលមិនស្របតាមបទប្បញ្ញត្តិ និងការធានាថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមប្រព្រឹត្តទៅដោយមានការទទួលខុស ត្រូវ។