គណៈកម្មការជាតិ និងក្រុមការងារទទួលបន្ទុករៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនីស្ថិតនៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ នៃ ព្រះរាជាណាចក្រកម្ពុជានេះ។

នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការជាតិ និងក្រុមការងារទទួលបន្ទុករៀបចំភូមិហ្វ្រង់កូហ្វូនី បានរៀបចំប្រារព្ធពិធីក្រុងពាលីយ៉ាងមហោឡារិក ដើម្បីសុំការអនុញ្ញាតបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ដែលស្ថិតនៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ។

ពិធីប្រពៃណីសាសនានាព្រឹកព្រលឹមស្រាងៗនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសជាច្រើនរូប។

គោលបំណងនៃពិធីបួងសួងនាព្រឹកនេះ គឺដើម្បីសុំការអនុញ្ញាត បើកការដ្ឋានសាង សង់ “ភូមិហ្វ្រង់កូហ្វូនី” ។ ទីតាំងនេះ នឹងក្លាយជាបេះដូងនៃព្រឹត្តិការណ៍ និងជាទីកន្លែង ដ៏សំខាន់សម្រាប់ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរវប្បធម៌ចម្រុះជាតិសាសន៍ ក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ។

កាលវេលាដ៏មានសិរីសួស្តីនេះ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការតម្កល់គ្រឿងរណ្តាប់បូជា បាយសី ស្លាធម៌ និងក្រយាបូជាដ៏បរិសុទ្ធ ដើម្បីបួងសួងសុំការអនុញ្ញាត និងប្រទានពរជ័យពីម្ចាស់ទឹកម្ចាស់ដី ព្រះភូមិ ព្រះធរណី និងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងរាជធានីភ្នំពេញ ជាពិសេសបារមីព្រះអង្គដងកើ និងលោកយាយពេញ ឱ្យជួយអភិបាលគ្រងរក្សាដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយ រលូន គ្មានឧបសគ្គ និងមានសុវត្ថិភាពខ្ពស់បំផុត។

ការសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាបេះដូងនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ទីតាំងនេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការតាំងពិព័រណ៍ ការផ្លាស់ប្តូរវប្បធម៌ចម្រុះជាតិសាសន៍ និងការបង្ហាញពីមោទនភាពជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ក្នុងពិធីក៏អញ្ជើញបារមីស័ក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សា ទិសទាំងប្រាំបី “ព្រោះក្រុងពាលី សូមទ្រង់យាងមកទទួលនូវក្រយាបូជាទាំងឡាយនេះ ហើយសូមជួយជម្នះរាល់ឧបទ្រពចង្រៃ ព្រមទាំងប្រោះព្រំប្រសិទ្ធពរជ័យ ដល់ដំណើរ ការសាងសង់ភូមិហ្វ្រង់កូហ្វូនីនេះ តាំងពីចំណុចចាប់ផ្តើម រហូតដល់ស្ថាបនាហើយ រួចរាល់ជាស្ថាពរ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ គ្មានឧបសគ្គ និងធានាបាននូវ សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ខ្ពស់បំផុត។

សូមបារមីស័ក្តិសិទ្ធិទាំងអស់ ជួយអភិបាលគ្រងរក្សា ការពារកុំឱ្យមានគ្រោះអន្តរាយ ណាមួយកើតឡើងឡើយ សូមជួយសង្គ្រោះប្រទាននូវអាកាសធាតុអំណោយផលល្អ និងសូមជួយថែរក្សាដល់ក្រុមការងារទាំងអស់ ក៏បានបួងសួងសុំឱ្យអាកាសធាតុមានភាពអំណោយផល និងសូមប្រទានពរជ័យជូនដល់ក្រុមវិស្វករ ស្ថាបត្យករ សិល្បករ និងកម្មករទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក៕