មេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅទីក្រុងគូឡាឡាំពួរ ក្រោយពីម៉ាឡេបញ្ជូនត្រលប់ពលរដ្ឋមីយ៉ាន់ម៉ាជិត១.៥០០នាក់
ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងគូឡាឡាំពួរ។ លោក អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណដល់លោក មីន អ៊ុងឡាំង ចំពោះ «ការទទួលយកការអញ្ជើញនេះ»។ ដំណើរទស្សនកិច្ចថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋមីយ៉ាន់ម៉ាជិត ១,៥០០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសម៉ាឡាស៊ីវិញ ទៅកាន់មាតុប្រទេស ទោះបីជាមានការព្រមានពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សថា លក្ខខណ្ឌសម្រាប់ការវិលត្រឡប់ នៅតែមិនមានសុវត្ថិភាពក៏ដោយ។ ម៉ាឡេស៊ីបានឱ្យដឹងថា ពលរដ្ឋមីយ៉ាន់ម៉ាប្រហែល ៥,០០០នាក់ រួមទាំងអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញកាលពីថ្ងៃអាទិត្យ នេះ គឺបានយល់ព្រមទទួលយកការបញ្ជូនត្រឡប់ទៅប្រទេសកំណើតពួកគេវិញជាដំណាក់កាលៗ។ គិតត្រឹមចុងខែសីហា នេះ មានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ១១,៨០៤នាក់ កំពុងត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ទូទាំងប្រទេសម៉ាឡេស៊ី នេះបើយោងតាមក្រសួងមហាផ្ទៃម៉ាឡេស៊ី។ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញនោះ មានជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (Rohingya) ដែរឬអត់? ដោយពួកគេកំពុងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានបដិសេធមិនផ្តល់សិទ្ធិដូចពលរដ្ឋទូទៅ។ ប្រទេសម៉ាឡេស៊ីគឺជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ២១៥,៦០០នាក់ ដែលបានចុះឈ្មោះជាមួយអង្គការ UNHCR ឬ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាប្រហែលជា ១២៦,០០០នាក់ ដែលបង្កើតបានជាសហគមន៍ជនភៀសខ្លួនដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីជាទទួលយកពួកគេវិញក៏ដោយ ប្រទេសម៉ាឡេស៊ីមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ ហើយម៉ាឡេបានចាត់ទុកជនភៀសខ្លួនថា ជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ។ ជនជាតិរ៉ូហ៊ីងយ៉ាបានប្រឈមមុខនឹងការប្រឆាំងពីសាធារណជនកាន់តែខ្លាំងឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែចំនួនរបស់ពួកគេកើនឡើងខ្លាំង ដែលជំរុញឲ្យមានក្តីបារម្ភអំពីស្ថានភាពការងារ សេវាសាធារណៈ និងសន្តិសុខជាដើម។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ដែលបង្កឱ្យមានការប្រឆាំងយ៉ាងទូលាយ និងធ្វើឱ្យផ្នែកធំៗនៃប្រទេសធ្លាក់ចូលទៅក្នុងជម្លោះផ្ទៃក្នុងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


