មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un សង្កត់ធ្ងន់លើតម្រូវការអាវុធនុយក្លេអ៊ែររបស់ខ្លួនលើបរិបទជាតិនិយមជ្រុលនៃពិភពលោកសព្វថ្ងៃ
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការអាវុធនុយក្លេអ៊ែររបស់លោកនៅក្នុងកិច្ចប្រជុំរបស់គណបក្សពលករដែលកំពុងកាន់អំណាច នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA នាព្រឹកថ្ងៃអង្គារនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែមិថុនា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងតែងតែរាយការណ៍ព័ត៌មានមួយថ្ងៃក្រោយ ឬច្រើនថ្ងៃជាងនេះបន្ទាប់ពីព្រឹត្តិការណ៍កើតឡើង។ KCNA បាននិយាយថា នៅក្នុងសុន្ទរកថាបញ្ចប់របស់លោក គីម ជុងអ៊ុន គឺបានបញ្ជាក់ជាថ្មីអំពីជំហរគោលនយោបាយដ៏រឹងមាំរបស់គណបក្ស និងរដ្ឋរបស់យើង ដើម្បីបង្កើនសមត្ថភាពការពារជាតិឱ្យលឿនជាងមុនបន្ថែមទៀត។ របាយការណ៍ KCNA ក៏បាននិយាយផងដែរថា “សព្វថ្ងៃនេះ យើងបានឃើញពិភពលោកស្ថិតក្នុងភាពជាតិនិយមជ្រុលដ៏រីករាលដាលលើកំណែទម្រង់បែបទំនើប ដូចជាគំនិតថា “America First ” មានលទ្ធិស៊ីអុននិយម ណាស៊ីថ្មីអ៊ុយក្រែន និងយោធានិយមជប៉ុនជាដើម។ ប៉ុន្តែវាក៏មិនបានសន្មតដោយផ្ទាល់ថារឿងនេះទាក់ទងនឹងលោក គីម នោះទេ គ្រាន់តែវាបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ សម្រាប់បរិបទនៃពិភពលោកសព្វថ្ងៃ។ យោងតាមរបាយការណ៍ក៏បានបង្ហាញពីភាពត្អូញត្អែរស្តីអំពីសម្ព័ន្ធភាពរបស់អាមេរិកជាមួយកូរ៉េខាងត្បូង និងសង្គ្រាមរបស់ខ្លួននៅមជ្ឈិមបូព៌ាផងដែរ។ មានព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់ថែមទៀតផង។ ស្ថិតក្នុងពេលវេលានោះអតីតនាយករដ្ឋមន្ត្រី គីម ជេរយ៉ុង ហាក់ដូចជាត្រូវបានផ្លាស់ប្តូរចេញពីតំណែងដ៏មានអំណាច ហើយអតីតដៃស្តាំរបស់លោកគីម គឺលោក ចូ យ៉ុងវ៉ុន ក៏បានទទួលចំណាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីរយៈពេលពីរទៅបីខែ ដែលលោកត្រូវបានគេទុកចោល និង គ្មានភាពលេចធ្លោ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






