មុនពេលចាកចេញពីប្រទេសចិនលោកប្រធានាធិបតី Xi Jinping បានកំដរលោក Trump ទស្សនាសួនច្បារ Zhongnanhai ដ៏កម្រ និងទទួលទានទឹកតែការងារអំពីបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ខ្លះៗដែរ
នៅព្រឹកថ្ងៃសុក្រនេះលោកប្រធានាធិបតីចិន Xi Jinping បានអមដំណើរអញ្ជើញនាំលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទៅទស្សនាជុំវិញបរិវេណសួនច្បារ Zhongnanhai នៅទីក្រុងប៉េកាំងនិងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវរបស់លោកប្រធានាធិបតីអាម៉េរិកដែរ ។ លោក Xi បានបង្ហាញលោក Trump តាមរយៈច្រកទ្វារធំ ហើយបានចង្អុលបង្ហាញលោកនូវដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ខ្លះមានអាយុ៤៩០ឆ្នាំ ស្របពេលដែលលោក Trump បានឆ្លើយតបវិញថាសួនច្បារនៅទីក្រុងប៉េកាំងនេះគឺជា “កន្លែងដ៏ស្រស់ស្អាតខ្លាំងណាស់”។ សួនច្បារ Zhongnanhai ប្រៀបដូចជាទីតាំងនៃដែនសមុទ្រភាគខាងកណ្តាលនិងខាងត្បូងដ៏មានអំណាចរបស់មេដឹកនាំចិន និងធ្លាប់ជាទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលចិនផងដែរ! ហើយទីនេះមិនមែនជាទីកំសាន្តសម្រាប់សារធាណៈនោះទេ វាទុកសម្រាប់តែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រមុខដឹកនាំចិន និងឥស្សរជនដែលពួកគេបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ប៉ុណ្ណោះ។ កន្លងទៅលោក Xi ក៏ធ្លាប់នាំលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលលោកចាត់ទុកជាមិត្តជិតស្និទ្ធបំផុតមកទស្សនានៅទីនេះដែរអំឡុងឆ្នាំ ២០២៤ និង ២០២៥។ និងស្វាគមន៍អតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ ២០១៤ ផងដែរ។ មុនពេលលោកចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានជជែកពិភាក្សាជាឯកជនភាពមួយជាមួយលោក Xi នៅឯគេហដ្ឋានផ្លូវការលោកដែរ ទោះបីជាអំឡុងពេលនៃកិច្ចប្រជុំ និងកម្មវិធីនានាជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍នោះដែរ មេដឹកទាំងពីរបានពិភាក្សាអំពីបញ្ហាដែលបែកបាក់គ្នាដូចជាសង្គ្រាមអ៊ីរ៉ង់ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងតៃវ៉ាន់ជាដើម។ បន្ថែមពីលើនេះលោកប្រធានាធិបតី Trump ក៏បាននិយាយអំពីបញ្ហាសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅអ៊ីរ៉ង់ថា “យើងមានអារម្មណ៍ស្រដៀងគ្នាខ្លាំងណាស់អំពីរបៀបដែលយើងចង់ឱ្យវាបញ្ចប់”។ “យើងមិនចង់ឱ្យពួកគេមានអាវុធនុយក្លេអ៊ែរទេនោះ”។ លោកបាននិយាយអំពីជម្លោះនៅអ៊ីរ៉ង់ថា “យើងចង់ឱ្យពួកគេបញ្ចប់វា ព្រោះវាជារឿងឆ្កួតៗនៅទីតាំងនោះ។ វាពិតជារឿងឆ្កួតៗបន្តិចមែន។ ហើយវាមិនល្អនោះទេ វាមិនអាចកើតឡើងបានទេ”។ លោក Trump និងមេដឹកនាំចិនបានទទួលទានតែពិភាក្សាការងារ ឬ working tea មុនពេលចូលទៅកាន់ពិធីទទួលទានអាហារថ្ងៃត្រង់ដោយបិទទ្វារ។ សូមបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Donald Trump មកកាន់ប្រទេសចិនលើកនេះ គឺជាប្រវត្តិសាស្រ្តថ្មីនៃទំនាក់ទំនងអាម៉េរិកចិន ក្រោយពីលោកខកខានរយៈពេល៩ឆ្នាំ បន្ទាប់ពីឆ្នាំ២០២៧ដែលធ្លាប់មកម្តងហើយអំឡុងពេលនៃអាណត្តិទី១របស់លោក។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ជាមួយនឹងគណៈប្រតិភូថ្នាក់រដ្ឋដែលមានលោក Pete Hegset ជារដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក , លោក Marco Rubio រដ្ឋមន្រ្តីការបរទេស និងប្រតិភូធុរកិច្ចមកពីក្រុមហ៊ុនល្បីៗ មហាសេដ្ឋីបច្ចេកវិទ្យានៅអាម៉េរិកចំនួន១៧ មានដូចជា៖ លោក Jensen Huang ស្ថាបនិក ក្រុមហ៊ុន Nvidia , លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple និងលោក Elon Musk របស់ក្រុមហ៊ុន Tesla និង កូនប្រុសស្រីរបស់លោក Trump ផងដែរ។ កិច្ចពិភាក្សាពិសេសរវាងមេដឹកនាំទាំងពីក្រៅពីផ្តោតសំខាន់លើវិស័យពាណិជ្ជកម្មនិងពន្ធគយAI បន្ទះឈីប រួចហើយក៏សង្កត់ធ្ងន់ជាពិសេសលើបញ្ហាកោះតៃវ៉ាន់ដែរ ដែលទីក្រុងប៉េកាំងអះអាងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលពួកគេផ្តាច់ខ្លួន ហើយកាលពីខែធ្នូ លោក Trump ធ្លាប់បានអនុម័តកញ្ចប់អាវុធសម្រាប់តៃវ៉ាន់ចំនួន ១១ពាន់លានដុល្លារដែរ ប៉ុន្តែមិនទាន់បានបន្តឈានទៅមុខនៅឡើយទេ ហើយចំពោះបញ្ហានេះលោក Trump ក៏មិនទាន់ឃើញឆ្លើយតបអ្វីចំពោះមុខលោក Xi ដែរ បែរជាលោកបង្ហាញក្តីជឿជាក់ចំពោះការប្រើប្រាស់ឥទ្ធិពលរបស់ប្រទេសចិនឲ្យបានច្រើនដើម្បីជម្រុញឲ្យបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ និងបញ្ចុះបញ្ជូលអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ


