មន្ទីរកសិកម្មខេត្តមណ្ឌលគិរី សហការជាមួយអង្គការឃែរកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ» ដល់មន្ត្រីកសិកម្មឃុំ

ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ» ដល់មន្ត្រីកសិកម្មឃុំ ក្រោមការគាំទ្ររបស់គម្រោងមេគង្គរីកចម្រើន ដោយមានការចូលរួមពីលោកស្រី នួន មករា តំណាងអង្គការឃែរកម្ពុជា លោក សេម គ្វីន តំណាងអង្គការឃែរអូស្ត្រាលី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគ្រូបង្គោល និងសិក្ខាកាមមកពីឃុំចំនួន៣៣ ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាច្រើននាក់ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

លោកបណ្ឌិត សុង ឃាង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលដែលមានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មនៅថ្នាក់មូលដ្ឋាន។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបាន និងកំពុងបង្កើតបញ្ហាប្រឈមយ៉ាងធំធេងដល់វិស័យកសិកម្ម និងជីវភាពប្រជាសហគមន៍ ដូច្នេះមន្ត្រីកសិកម្មឃុំ-សង្កាត់ មានតួនាទីសំខាន់ក្នុងការនាំយកចំណេះដឹង បច្ចេកទេស និងវិធីសាស្ត្រថ្មីៗ ទៅផ្សព្វផ្សាយ និងគាំទ្រដល់កសិករ និងសហគមន៍។

លោក ប្រធានមន្ទីរ បានផ្តាំផ្ញើដល់សិក្ខាកាមឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេស ដើម្បីអាចប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង និងត្រូវយកចំណេះដឹងដែលទទួលបានទៅរៀបចំផែនការសកម្មភាព និងបន្តផ្សព្វផ្សាយដល់ប្រជាសហគមន៍ ជាពិសេសក្រុមងាយរងគ្រោះ ជនជាតិដើមភាគតិច និងស្ត្រី ដើម្បីពង្រឹងភាពធន់របស់សហគមន៍ តាមរយៈការអនុវត្ត កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ ។ ជាមួយគ្នានេះ មន្ទីរកសិកម្មនឹងចូលរួមសហការជាមួយអង្គការឃែរកម្ពុជា ដើម្បីជំរុញ និងគាំទ្រដល់សកម្មភាពទាំងនេះបន្ថែមទៀត ឱ្យទទួលបានលទ្ធផលផ្លែផ្កាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកស្រី នួន មករា តំណាងអង្គការឃែរកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យក្លាយជាគ្រូបណ្តុះបណ្តាល និងអ្នកសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តផ្ទេរចំណេះដឹងទៅកាន់សហគមន៍។ លោកស្រី បានបន្ថែមថា ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន៖ កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ សមាគមសន្សំប្រាក់តាមភូមិ និងការគ្រប់គ្រងហិរញ្ញវត្ថុ ការបាត់បង់ និងការខូចខាត ព្រមទាំងដំណោះស្រាយផ្អែកលើធម្មជាតិ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយអាកាសធាតុ និង សមភាពយេនឌ័រ បរិយាបន្នសង្គម និងការវិភាគ ដើម្បីលើកកម្ពស់ការចូលរួមរបស់ជនពិការ យុវជន ជនជាតិដើមភាគតិច ស្ត្រី និងក្រុមងាយរងគ្រោះ។

បន្ទាប់មក លោកស្រី នួន មករា តំណាងអង្គការឃែរកម្ពុជា និងលោក សេម គ្វីន តំណាងអង្គការឃែរអូស្ត្រាលី បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យផ្ទាល់លើសកម្មភាពបង្រៀនរបស់គ្រូបង្គោល និងការកែច្នៃជីធម្មជាតិរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលទទួលបានការបណ្តុះបណ្តាលកន្លងមកនៅឃុំអរបួនលើ ស្រុកកោះញែក ដើម្បីសិក្សាស្វែងយល់ពីការបង្រៀន និងការអនុវត្តជាក់ស្តែងលើកសិកម្មវៃឆ្លាត។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការផ្លាស់ប្តូរបទពិសោធន៍ អំពីការធ្វើជីធម្មជាតិ ការផលិតថ្នាំបណ្តេញសត្វល្អិត ទឹកខ្មេះធ្យូងអង្កាម ពីលោក ង៊ូ យូឡេង ដែលបានទទួលឡដុតធ្យូងអង្កាមក្រោមជំនួយរបស់អង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី។

តាមរយៈថវិកាជំនួយពីរដ្ឋាភិបាលអូស្ត្រាលីចំពោះកិច្ចខិតខំប្រឹងប្រែងនេះ អង្គការឃែរកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កសិករ ក្នុងខេត្តមណ្ឌលគិរី នឹងកាន់តែមានភាពម្ចាស់ការលើការងារកសិកម្មរបស់ខ្លួន និងអាចបង្កើនប្រាក់ចំណូលគ្រួសារបានយ៉ាងប្រាកដប្រជា និងចីរភាព៕