មន្ត្រី ក.ប.ប ខេត្តព្រះសីហនុ ចុះធ្វើការផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់គ្រូ និងសិស្សានុសិស្សជាង ១០០នាក់ នៅសាលាបច្ចេកទេស ដុនបូស្កូ
ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ មន្ត្រីសាខានាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (កបប) ខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរដែនដី និងលោកនាយកសាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ បានរៀបចំវគ្គផ្សព្វផ្សាយអប់រំខ្លីមួយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយមានអ្នកចូលរួមសរុបចំនួន ១១៧នាក់។
នៅក្នុងវគ្គអប់រំខ្លីនេះ មន្ត្រីជំនាញបានធ្វើការបកស្រាយ និងពន្យល់យ៉ាងលម្អិតលើប្រធានបទសំខាន់ៗ និងបទដ្ឋានគតិយុត្តមួយចំនួន រួមមាន៖
១. ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា
២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
៣. ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
៤. ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង
បន្ថែមពីលើការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ១៣៣ ស្តីពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ការជំរុញឱ្យប្រើប្រាស់អំបិលដែលមានជាតិអ៊ីយ៉ូដ ព្រមទាំងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមីក្នុងម្ហូបអាហារ។ ក្នុងនោះ មន្ត្រីជំនាញបានលើកឡើងជាពិសេសអំពីគ្រោះថ្នាក់នៃសារធាតុគីមី «អូរ៉ាមីនអូរ» ដែលត្រូវបានគេយកទៅប្រើលើផ្លែទុរេន និងបានក្រើនរំលឹកឱ្យកាត់បន្ថយការបរិភោគអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ដើម្បីជៀសវាងពីជំងឺទឹកនោមផ្អែម។
ទន្ទឹមនឹងនេះ មន្ត្រី ក.ប.ប ក៏បានឆក់យកឱកាសនេះធ្វើការអប់រំផ្សព្វផ្សាយបន្ថែមអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្សផងដែរ។ មន្ត្រីជំនាញបានគូសបញ្ជាក់ថា គ្រឿងញៀនជាមហន្តរាយ និងជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ហើយយុវជនគឺជាក្រុមគោលដៅដែលងាយរងគ្រោះជាងគេ ដូច្នេះចាំបាច់ត្រូវតែចៀសឱ្យឆ្ងាយជាដាច់ខាត។
នៅចុងបញ្ចប់នៃវគ្គអប់រំ មន្ត្រីជំនាញក៏បានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមមួយចំនួន ដើម្បីយកទៅសិក្សាឈ្វេងយល់បន្ថែម និងចែករំលែកបន្តក្នុងសហគមន៍ផងដែរ៕
អត្ថបទ ៖ ស្រីមុំ
រូបភាព ៖ ក.ប.ប







