មន្ត្រីទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ចូលរួមសិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយថ្មី នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

រដ្ឋធានីប៉េកាំង៖ មន្ត្រីទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយថ្មីដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់សម្រាប់បណ្តាប្រទេសអាស៊ាន» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សិក្ខាសាលារយៈពេលពីរសប្តាហ៍នេះ ផ្តោតសំខាន់លើចំណុចគន្លឹះមួយចំនួន ដូចជា ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃសកលភាវូបនីយកម្មព័ត៌មាន។ ការទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីផ្សព្វផ្សាយ និងគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងចីរភាព ព្រមទាំងការរឹតចំណងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យព័ត៌មាន រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការផ្លាស់ប្តូរព័ត៌មាន និងទប់ស្កាត់ព័ត៌មានមិនពិត។

វត្តមានរបស់មន្ត្រីជំនាញក្រសួងព័ត៌មានក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានតម្លៃក្នុងការដកស្រង់បទពិសោធន៍ថ្មីៗ ទាំងលើផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រផលិតមាតិកា ដើម្បីយកមកអភិវឌ្ឍ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែទំនើប សម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់ស្របតាមយុគសម័យឌីជីថល។