ព្រឹត្តិការណ៍វប្បធម៌ «ដើរអានចិន-កម្ពុជា» ត្រូវបានរៀបចំឡើងនៅកម្ពុជា ជួយជំរុញការផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាឱ្យមានគុណភាពខ្ពស់
កម្មវិធីផ្លាស់ប្តូរវប្បធម៍ រវាងប្រទេសកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍វប្បធម៍ «ដើរអានចិន-កម្ពុជា» លើកទី២ ដែលរៀបចំដោយ ក្រុមហ៊ុនChina Intercontinental Press & Media Co., Ltd. ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។
កម្មវិធីនេះគឺជា វេទិកាវិទ្យាសាស្ត្រ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៦ ការសម្តែងសិល្បៈវប្បធម៌ «អនុស្សាវរីយ៍នៃអរិយធម៌» ផ្សារវប្បធម៌ចិន-កម្ពុជា «គ្រាប់ពូជនៃអរិយធម៌» និងការផ្លាស់ប្តូររវាងយុវជនចិន-កម្ពុជា តាមរយៈកម្មវិធីសន្ទនាតាមសំបុត្រជាដើម ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីបង្កើតជាស្ពានផ្សារភ្ជាប់ចិត្ត រវាងប្រជាជនចិន និងកម្ពុជាតាមរយៈការអនុវត្តវប្បធម៌ចម្រុះ។
វេទិកានេះ ត្រូវបានប្រារព្ធឡើង ដោយមានការ សហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងសាកលវិទ្យាល័យជីវជាំង និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះ បានរៀបចំកិច្ចសន្ទនាចំនួន២វគ្គ ដោយមានប្រធានបទ «ពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម សហការឈ្នះ-ឈ្នះ» និង «បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នាជំរុញស្ថិរភាព»។ អ្នកជំនាញ និងអ្នកសិក្សាក្នុងវិស័យពាក់ព័ន្ធបានពិភាក្សាយ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ការកសាង ការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកយុទ្ធសាស្ត្រ ការអនុវត្តគំនិតផ្តួចផ្តើមសកលទាំងបួន និងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ព្រមទាំងបានផ្តល់យោបល់ និងអនុសាសន៍ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំង២ ដោយផ្អែកលើស្ថានភាពជាក់ស្តែង នៃការអភិវឌ្ឍរបស់ប្រទេសទាំង២ និងបរិបទថ្មី នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។
វេទិកានេះ បានអញ្ជើញវាគ្មិនកិត្តិយស បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក Guan Hong អនុប្រធានក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងលោក Wang Yang នាយកសាកលវិទ្យាល័យជីវជាំង ក្នុងការថ្លែងសុន្ទរកថា ដោយមានការចូលរួមពី លោក ឈិន ឆុង អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តំណាងមកពីវិស័យរដ្ឋាភិបាល ធនាគារខួរក្បាល (Think Tank) វិស័យអប់រំ និងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ព្រមទាំង គ្រូ និងនិស្សិតវ័យក្មេងនៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ ៣០០នាក់ បានចូលរួម។
បន្ទាប់មក លោកបណ្ឌិត ទូច សុឃៈ (សុខ:) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី ចាង យូហួន (Zhang Yuhuan) អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាគំនិតការទូតស៊ីជីនពីង និងលោកស្រី ហ្គូ យ៉ានហួយ សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជីវជាំងបានថ្លែងសុន្ទរកថា។
លោកបណ្ឌិត ទូច សុឃៈ បានវិភាគហានិភ័យនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន តាមរយៈទស្សនៈសន្តិសុខ ដោយស្នើឡើងនូវយន្តការសម្រាប់ការបង្ការទុកជាមុន និងការគ្រប់គ្រងរួមគ្នា។
លោកបណ្ឌិត គិន ភា បានចង្អុលបង្ហាញថា ការពង្រឹងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា គឺអាស្រ័យលើការបំប្លែងការជឿទុកចិត្តគ្នាផ្នែកនយោបាយទៅជាប្រសិទ្ធភាពស្ថាប័ន ហើយបានស្នើឱ្យប្រទេសទាំងពីរបង្កើនយន្តការសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ដែលគ្របដណ្តប់លើកិច្ចការនយោបាយ និងសន្តិសុខសាធារណៈ និងពង្រឹងការជឿទុកចិត្តគ្នាផ្នែកយុទ្ធសាស្ត្រទ្វេភាគីតាមរយៈវិធានការជាក់ស្តែងដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន។
លោកស្រី ចាង យូហួន (Zhang Yuhuan) បានពន្យល់ពីសារៈសំខាន់នៃការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមសកលទាំងបួន។
លោកស្រី ហ្គូ យ៉ានហួយ បានសង្ខេបស្ថានភាពបច្ចុប្បន្ន និងឱកាស និងបញ្ហាប្រឈម នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា និងបានស្នើអនុសាសន៍ធ្វើឱ្យប្រសើរឡើងនូវការភ្ជាប់ខ្សែសង្វាក់ឧស្សាហកម្មឱ្យកាន់តែស៊ីជម្រៅ។
ក្នុងនោះក៏មាន ការសម្តែងសិល្បៈវប្បធម៌ និងផ្សារវប្បធម៌ចិន-កម្ពុជា ត្រូវបានរៀបចំឡើង នៅតំបន់ប្រាសាទអង្គរវត្ត ទីក្រុងសៀមរាប ដោយទាក់ទាញការចូលរួមយ៉ាងទូលំទូលាយ ពីប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ។ ការសម្តែងនេះយក «ការសន្ទនារាប់ពាន់ឆ្នាំ» ជាប្រធានបទ ដោយបានបង្ហាញឆ្លាស់គ្នារវាងរបាំបុរាណចិន និងរបាំបុរាណខ្មែរក្នុងការតភ្ជាប់រវាងសំឡេងធម្មជាតិ និងសកម្មភាពរបស់ភ្ញៀវទេសចរនៅតំបន់ប្រាសាទអង្គរ ដោយបង្កើតបានជាទិដ្ឋភាពវប្បធម៌ «បេតិកភណ្ឌ»ដ៏ល្អឥតខ្ចោះ។
ព្រឹត្តិការណ៍លើកនេះ គឺផ្តោតលើយុវជន ដែលជាកម្លាំងសំខាន់ នៃការផ្លាស់ប្តូរមិត្តភាព ដោយបានរៀបចំ កម្មវិធីការផ្លាស់ប្តូររវាងយុវជនចិន-កម្ពុជា តាមរយៈការអានដូចបានឃើញផ្ទាល់ ក្រោមប្រធានបទ «អរិយធម៌ឈរជាមួយគ្នា យុវជនមានចិត្តតែមួយ»។ យុវជនចិន-កម្ពុជាចំនួន១២នាក់ បានពិភាក្សាយ៉ាងរីករាយលើប្រធានបទដូចជា «សួស្តីអ្នកជិតខាង» «ការសន្ទនារាប់ពាន់ឆ្នាំ» «សរសេរសារទៅអនាគត» ដោយពិភាក្សាពីរបៀបដែលវប្បធម៌ប្រពៃណីអាចរួមបញ្ចូលក្នុងជីវិតបច្ចុប្បន្ន និងពិភាក្សារួមគ្នាថាតើយុវជនជំនាន់ក្រោយ អាចចូលរួមចំណែកដូចម្តេចខ្លះដល់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាគ្រប់រដូវកាលថ្មី ដោយកម្លាំងយុវជន។ព្រឹត្តិការណ៍នេះមិនត្រឹមតែបានផ្តល់នូវទស្សនៈស៊ីជម្រៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាលើវិស័យផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ដំណើរការនេះត្រូវបានសម្របសម្រួលតាមរយៈការសន្ទនារវាងយុវជន នៅចំកណ្តាលនៃទីតាំងបេតិកភណ្ឌបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ ដែលជាហេតុជួយបញ្ចូលនូវភាពរស់រវើកផ្នែកវប្បធម៌ និងថាមពលរបស់យុវវ័យជាបន្តបន្ទាប់ ទៅក្នុងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ៕


