ព្រឹត្តិការណ៍ដំបូងក្រោយបើកយុទ្ធនាការរដូវកាលបៃតង ការជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២គ.ម.
ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្ដែងការគួរសម និងផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ជិះកង់ចម្ងាយឆ្ងាយដែលទទួបានមេដាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក «World Audax Record»។
សម្រាប់ព្រឹត្តិការណ៍ជិះកង់ដែលរៀបចំនៅកម្ពុជាលើកនេះ ក៏មានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជា ឱ្យឈានដល់កម្រិត ស្តង់ដាអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍ ហើយជាព្រឹត្តិការណ៍ទី១ (ចាប់ផ្តើមកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលមិនត្រឹមចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងរដូវកាលបៃតងប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាពលរដ្ឋ និងក្រុមអ្នកជិះកង់ជាតិ-អន្តរជាតិ តាមរយៈការចូលរួមរបស់ក្រុមអ្នកជិះកង់នៅតាមបណ្តារាជធានី ខេត្តនីមួយៗទៀតផង។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយបំផុតបែបស្តង់ដាបច្ចេកទេសអន្តរជាតិ និងមិនធ្លាប់មានក្នុងកំណត់ត្រានៃការជិះកង់តាមរបៀបនៃការតស៊ូអត់ធ្មត់ (Endurance) នៅកម្ពុជា។
ទើបតែឆ្នាំ២០២៦ នេះទេ ដែលក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយ ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាពជិះកង់រហូតដល់ចម្ងាយ ១,២១២គ.ម. ដោយប្រើថិរវេលា ៩០ម៉ោង ហើយដែលមានអ្នកចុះឈ្មោះជិះកង់ប្រមាណ ១០០នាក់ ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៧ប្រទេសចូលរួម មានដូចជា៖ កាណាដាចំនួន ១នាក់ អាល្លឺម៉ង់ចំនួន ១នាក់ ឥណ្ឌាចំនួន ២នាក់ រុស្ស៊ីចំនួន ២នាក់ អាហ្រ្វិកខាងត្បូងចំនួន ១នាក់ ជប៉ុនចំនួន ១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់។
សូមជម្រាបថា កំណត់ត្រា «World Audax Record» គឺជាកម្មវិធីមួយមានគោលបំណងជ្រើសរើសអ្នកជិះកង់ដែលមានសមត្ថភាពពិតប្រាកដផ្អែកលើលើចម្ងាយផ្លូវ និងថិរវេលា ដែលកំណត់ដោយគណៈកម្មការ ដើម្បីជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក «World Audax Record»។
បើគិតចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយចំនួន ១៥លើករួចមកហើយ ដោយបានឆ្លងកាត់តាមបណ្តារាជធានី ខេត្តជុំវិញប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ខ្លះបានឆ្លងដល់ខេត្តឡុងអ៊ាន ប្រទេសវៀតណាម។ ដោយឡែកក្នុងឆ្នាំ២០២៦ ក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយចំនួន ៦លើក រួមមាន៖ ព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយ ២០០គ.ម. ៣០០គ.ម. ៤០០គ.ម. ៦០០គ.ម. ១០០០គ.ម. និងចម្ងាយ ១,២១២ គ.ម. នៅលើកនេះ ដែលទើបតែបានបញ្ចប់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕



