ពិតជាវេទនារកអ្វីថ្លែងមិនបានឡើយ! បច្ចុប្បន្នពលរដ្ឋនៅ GAZA រស់ក្នុងសង្រ្គាមរ៉ាំរ៉ៃ ហើយថែមទាំងជ្រកក្រោមអគារទ្រុឌទ្រោមខូចខាតសល់ពីជម្លោះ បានបាក់រលំសម្លាប់កុមារ ១១នាក់
អគារមួយកន្លែងដែលមានមនុស្សរស់នៅរាប់សិបនាក់បានបាក់រលំនៅក្នុងទីក្រុងហ្គាហ្សាកាលពីព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ។ ក្រុមអ្នកជួយសង្គ្រោះបានខិតខំប្រើដៃទទេរបស់ពួកគេ ដើម្បីកាយរកជនរងគ្រោះក្នុងគំនរបាក់បែក រហូតទាល់តែរកឃើញថាមានមនុស្ស២១នាក់ស្លាប់ ក្នុងនោះមានចំនួនកុមារ១១នាក់ ខណៈពួកគេកំពុងដេកលង់លក់។ ហេតុការណ៍បាក់រលំភ្លាមៗនៃគឺដឹងបានដោយសារអគារនេះមានសភាពមិនរឹងមាំ ដែលវាត្រូវខូចខាតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅដំណាក់កាលដំបូងនៃសង្គ្រាមនៅ Gaza បានបង្ហាញឱ្យឃើញពីភាពងាយរងគ្រោះថ្នាក់ និងស្ថានភាពរស់នៅដ៏លំបាកវេទនារបស់ប្រជាជនភាគច្រើននៅក្នុងតំបន់នេះ ស្របពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) កំពុងជាប់គាំង។ មិនមានការងារសាងសង់ឡើងវិញថ្មីណាមួយត្រូវបានធ្វើឡើងឡើយ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានសម្រេចកាលពីជិតមួយឆ្នាំមុន។ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការសាងសង់ឡើងវិញឡើយ រហូតទាល់តែក្រុមហាម៉ាសព្រមទម្លាក់អាវុធពួកគេចុះ។ ក្នុងចំណោមគ្រឿងចក្រជីកដីដែលមាន excavators រាប់សិបគ្រឿងដែលក្រុមផ្តល់ជំនួយបានស្នើសុំនាំចូលទៅក្នុងតំបន់ហ្គាហ្សា ក៏ត្រូវអ៊ីស្រាអែលអនុញ្ញាតឱ្យចូលបានតែមួយចំនួនតូចប៉ុណ្ណោះ។ ស្ថាប័ន COGAT ដែលជាស្ថាប័នយោធាអ៊ីស្រាអែលទទួលបន្ទុកសម្របសម្រួលជំនួយទៅកាន់តំបន់ហ្គាហ្សា មិនបានឆ្លើយតបចំពោះសំណួរថាតើពួកគេនឹងអនុញ្ញាតឱ្យនាំចូលគ្រឿងចក្រដើម្បីជួយដោះស្រាយបញ្ហាអគារទ្រុឌទ្រោម ឬ បាក់រលំនោះដែរឬទេ។ គិតត្រឹមរសៀលថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់ពីការបាក់រលំអគារខូចខាតពីសង្រ្គាម បានកើនឡើងដល់២១នាក់ រួមទាំងកុមារ ១១នាក់ និងស្ត្រី ៥នាក់ នេះបើយោងតាមលោក Zaher al-Wahidi អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា។ លោកបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៤នាក់បានរងរបួស ហើយក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ការងារកាយរកជនរងគ្រោះរួចរាល់ហើយ។ យោងតាមអាជ្ញាធរការពារស៊ីវិលហ្គាហ្សា មានគ្រួសារជនជាតិប៉ាឡេស្ទីនដែលគ្មានទីលំនៅចំនួនប្រហែល ៦គ្រួសារ បានជ្រកកោននៅក្នុងអគារនោះ ទោះបីជាពួកគេដឹងថាវាស្ថិតក្នុងសភាពទ្រុឌទ្រោម និងប្រឈមនឹងហានិភ័យខ្ពស់នៃការបាក់រលំក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



