ការវិភាគ១រកឃើញថា៖ ការប្រែប្រួលអាកាសធាតុ និងសំណឹកគ្រោះរញ្ជួយដីឆ្នាំ២០១៥កន្លងទៅនៅនេប៉ាល់ គឺជាកត្តារួមផ្សំធ្វើឱ្យផ្ទាំងទឹកកករលាយនៅជួរភ្នំហិម៉ាឡៃ និងទឹកជំនន់ល្បាប់
យោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា៖ ការឡើងកម្ដៅនៃភពផែនដី ដែលបង្កឡើងដោយសកម្មភាពមនុស្ស បានធ្វើឱ្យផ្ទាំងទឹកកកត្រូវថយចុះ និងធ្វើឱ្យស្រទាប់ដីដែលកកជាប់ជានិច្ចរាប់ពាន់ឆ្នាំ ឬ (permafrost) នៅលើភ្នំត្រូវរបើក និង រលាយ ដែលវាទំនងជាបានរួមចំណែកធ្វើឱ្យជម្រាលភ្នំហិម៉ាឡៃ បាត់បង់ស្ថិរភាព រហូតឈានដល់ការបាក់រលំកាលពីខែមុននោះ និងបង្កជាទឹកជំនន់ដ៏មហន្តរាយនៅទូទាំងប្រទេសនេប៉ាល់តែម្តង។ របាយការណ៍របស់អង្គការ World Weather Attribution បានព្រមានថា ការប្រែប្រួលអាកាសធាតុមិនមែនជាមូលហេតុតែមួយគត់នៃគ្រោះមហន្តរាយកាលពីថ្ងៃទី ២៦ ខែសីហានោះទេ។ ការវិភាគរបស់ពួកគេបានរកឃើញថា ការរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសនេប៉ាល់កាលពីឆ្នាំ ២០១៥ ក៏អាចជាចំណែកធ្វើឱ្យផ្ទាំងថ្មចុះខ្សោយជាច្រើនឆ្នាំ មុនពេលមានហេតការណ៍បាក់រលំនោះដែរ។ មនុស្សជាង១,៣០០នាក់បានស្លាប់ និងជាង ៥,០០០នាក់ទៀតនៅតែបន្តបាត់ខ្លួន រកមិនឃើញ បន្ទាប់ពីផ្នែកដ៏ធំនៃថ្ម និងផ្ទាំងទឹកកកដែលគ្របដណ្ដប់ពីលើទីតាំងនោះ បានបាក់រលំនៅជិតព្រំដែនប្រទេសនេប៉ាល់ជាប់នឹងប្រទេសចិន។ ទឹក ទឹកកក ដុំថ្មធំៗ និងដីល្បាប់ដែលហូរធ្លាក់ចុះមកយ៉ាងគំហុកនោះ បានហូរកាត់តាមសហគមន៍នានាដែលស្ថិតនៅតាមបណ្តោយទន្លេ Trishuli និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបានលើកឡើងថា នៅទូទាំងតំបន់ភ្នំហិម៉ាឡៃ ការកើនឡើងនៃសីតុណ្ហភាពកំពុងធ្វើឱ្យផ្ទាំងទឹកកករួញតូច និងធ្វើឱ្យស្រទាប់ដីដែលកកជាប់ដ៏យូរ ត្រូវប្រេះរបើក(ដែលវាដើរតួនាទីយ៉ាងសំខាន់ ជួយផ្សារភ្ជាប់ថ្មភ្នំ ដែលប្រេះស្រាំចូលគ្នាបាននោះ) ត្រូវរលាយដោយមិនដឹងខ្លួន។ នេះមានន័យថា ការប្រែប្រួលអាកាសធាតុមិនត្រឹមតែអាចផ្លាស់ប្តូរគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុដូចជា កម្ដៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចប៉ះពាល់ដល់ស្ថិរភាពនៃភ្នំទាំងមូលផងដែរ ដែលបង្កជាការគំរាមកំហែងដល់សហគមន៍ដែលរស់នៅយ៉ាងច្រើនកុះករក្នុងជ្រលងទន្លេតូចចង្អៀតនៅផ្នែកខាងក្រោមនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



