ផ្លូវជាតិលេខ ៨ ​ប្រវែងជាង ៤០ គីឡូម៉ែត្រ ពី​ស្ពាន​ព្រែក​តាមាក់​កំពុង​ពង្រីកដល់ ៤ គន្លង

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ ៨ មានប្រវែងជាង ៤០ គីឡូម៉ែត្រ ចាប់ពីស្ពានព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ទៅដល់​ព្រំប្រទល់​ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បានសង់​ពង្រីក​ពី ២ គន្លង ទៅ ៤ គន្លង ដើម្បីបង្កើន​សមត្ថភាព​ដឹកជញ្ជូន និងសម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបាន​កំពុងសិក្សាលទ្ធភាពស្ថាបនា និងកែលម្អផ្លូវជាតិលេខ ៨ បន្ថែមទៀត ដើម្បីឱ្យខ្សែផ្លូវយុទ្ធសាស្ត្រមួយនេះមានគុណភាព និងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់នាពេលអនាគត។

ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​នាយក​គម្រោង បានដឹកនាំ​ក្រុមការងារ​ជំនាញចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៨ ចាប់ពីស្ពានព្រែកតាមាក់ខេត្តកណ្តាល​ រហូតដល់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

ដំំណើរបេសកកម្មនេះ មាន​ការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង​ធនាគារ AIIB ព្រម​ទាំង​មន្ត្រីមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តកណ្ដាល ព្រៃវែង និង​ត្បូងឃ្មុំ ដើម្បី​ពិនិត្យស្ថានភាព​ផ្លូវ ប្រមូល​ទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ។

ការ​ពង្រីកផ្លូវជាតិលេខ ៨ មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​ការដឹក​ជញ្ជូន​ផលិតផល​កសិកម្ម និង​ទំនិញ​ពី​តំបន់​ផលិតកម្មទៅកាន់ទីផ្សារ និង​តភ្ជាប់​ទៅកាន់តំបន់ព្រំដែន។

ផ្លូវជាតិលេខ ៨ មានប្រវែងសរុប ១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតា​មាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+​៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះមាន​សារៈ​សំខាន់​ក្នុងការត​ភ្ជាប់​រាជធានីភ្នំពេញ តាម​ខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ទៅកាន់​តំបន់​ភាគ​ខាងកើត និង​តំបន់ព្រំដែនកម្ពុជា–វៀតណាម៕