ប្រធាន FIFA បញ្ជាក់ថា «យើងចង់នាំយកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មកជូន FAN បាល់ទាត់គ្រប់ៗរូប និងគ្រប់ទីកន្លែង» ខណៈលោកក៏បានបញ្ជាក់អំពីបញ្ហាអាជ្ញាកណ្តាលសូម៉ាលីដែរ…..

«យើងចង់បង្រួបបង្រួមពិភពលោក» នេះគឺជាសារមួយរបស់ប្រធាន FIFA លោក Gianni Infantino កាលពីពុធទី១០ ខែមិថុនា មុនថ្ងៃប្រកួតដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦មកដល់។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ២០២៣ លោក Infantino បានដោះស្រាយបញ្ហាជាច្រើនដែលបានធ្វើឲ្យការប្រកួតនេះមានបញ្ហាដូចជា បញ្ហាជាមួយអ៊ីរ៉ង់ ថ្លៃសំបុត្រ និងទិដ្ឋាការ ឬ វីសារជាដើម។ ប៉ុន្តែលោកក៏បានចេញនូវការអំពាវនាវដ៏ទទួច ក្នុងអត្ថន័យអង្វរករដែរ ដ៏ស្មោះស្ម័គ្របំផុតថា សូមផ្តោតអារម្មណ៍រួបរួមគ្នាមកវិញតាមរយៈការវិលត្រឡប់មករកបាល់ទាត់ជាមួយប្រទេសម៉ិកស៊ិក ដែលជាប្រទេសម្ចាស់ផ្ទះមួយក្នុងចំណោមប្រទេសទាំងបី ដែលបើកការប្រកួតដោយប្រទេសជាម្ចាស់ផ្ទះម៉ិកស៊ិកជាមួយនឹងអាហ្វ្រិកខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ។ ដោយឆ្លើយតបទៅនឹងការរិះគន់អំពីតម្លៃសំបុត្រ លោក Infantino បានទទូចថា អ្វីដែលថោកជាងនឹង អាចជាសំបុត្រដែលលក់នៅលើទីផ្សារងងឹតតែប៉ុណ្ណោះ ខណៈដែលកម្មវិធី FIFA នេះអាចធានាថាប្រាក់ដុល្លារនីមួយៗត្រូវបានវិនិយោគឡើងវិញនៅក្នុងការប្រកួតដែរ។ លោកក៏បានកត់សម្គាល់ផងដែរថា ការធ្វើកិច្ចព្រមព្រៀងផ្សព្វផ្សាយបង់ប្រាក់ដើម្បីសម្លឹងឲ្យឃើញថាការបង្កើតប្រាក់ចំណូលនឹងកើនឡើងច្រើន ប៉ុន្តែនឹងមានការរារាំងអ្នកគាំទ្រ ដែលស្រលញ់ចូលចិត្តទាំងព្រលឹង និងបេះដូងជាមួយការប្រកួតជាក់ជាមិនខាន។ លោកប្រធាន FIFA ក៏បានពណ៌នាអំពីការធ្វើជាម្ចាស់ផ្ទះនៃប្រទេសនីមួយៗ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកថាជា «បទពិសោធន៍ម្តងក្នុងមួយជីវិត» ហើយបានជំរុញឱ្យអ្នកគាំទ្រមានអារម្មណ៍ទាំងនោះកាន់តែមោទនៈ  ខណៈដែលព្រឹត្តិការណ៍ FIFA World Cup លើកទី ២៣ និងធំបំផុតមិនធ្លាប់មាន ត្រៀមនឹងចាប់ផ្តើមដូចគ្នា។ លើសពីនេះដែរលោក Gianni Infantino បាននិយាយរឿង «គួរឲ្យសោកស្ដាយ» មួយទៀតដែលអាជ្ញាកណ្តាល Omar Artan ជនជាតិសូម៉ាលី ត្រូវបានគេបដិសេធមិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ហើយបាននិយាយថា ប្រជាជន «គួរតែអស់ចិត្ត និង សាទរ» ចំពោះរឿងនេះ។ កន្លងមកលោក Artan ត្រូវបានកំណត់ឲ្យក្លាយជាអាជ្ញាកណ្តាលដំបូងគេមកពីប្រទេសសូម៉ាលី ដែលធ្វើជាអាជ្ញាកណ្តាលនៅក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីលោកបានជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយរបស់ FIFA សម្រាប់ការប្រកួតនានាដែរ។ ករណីលោកត្រូវបានបដិសេធមិនឲ្យចូលទឹកដីសហរដ្ឋអាមេរិកនៅឯអាកាសយានដ្ឋានអន្តរជាតិ Miami កាលពីថ្ងៃសៅរ៍ ដោយសារតែ «ការព្រួយបារម្ភអំពីការត្រួតពិនិត្យលម្អិតណាមួយ» ដែលមិនបានបញ្ជាក់ច្បាស់លាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីការព្រួយបារម្ភនោះទេ។ ក្រោយមក FIFA បានសម្រេចដកលោកចេញពីសមាសភាពអាជ្ញាកណ្តាលនៃការប្រកួតលើកនេះចេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌ពីប្រទេសម៉ិកស៊ិកនោះដែរ លោក Infantino បានបន្ថែមទៀតថាច្បាស់ណាស់ FIFA មិនអាចបញ្ជារដ្ឋាភិបាលណាមួយដែលត្រូវតែអនុញ្ញាតឱ្យមានសមាសភាពចូលទៅក្នុងប្រទេសរបស់ពួកគេបានទេ ទោះបីជាខ្លួនកំពុងធ្វើការងារ «នៅពីខាងក្រោយព្រឹត្តិការណ៍» នោះក៏ដោយ។ លោកបាននិយាយថា «យើងតែងតែព្យាយាមធ្វើឱ្យស្ថានការណ៍មានភាពវិជ្ជមានតាមដែលអាចធ្វើទៅបាន និងស្វែងរកដំណោះស្រាយជានិច្ច» ប៉ុន្តែ «ពេលខ្លះយើងអាចគ្រប់គ្រងវាបាន ស្របពេលខ្លះទៀតគឺយើងមិនអាចធ្វើវាបាននោះទេ»។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ FIFA World Cup ២០២៦ នេះមាន៤៨ប្រទេសចូលរួម មានប្រទេសចំនួន៣ជាសហម្ចាស់ផ្ទះ មិនធ្លាប់មានជាប្រវត្តិសាស្រ្ត ហើយការបើកឆាកប្រកួតក៏នឹងមានវត្តមានប្រទេសទាំង៣នាំមុខប្រកួតមុនដែរ មានម៉ិកស៊ិក កាណាដា និង សហរដ្ឋអាម៉េរិក៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ