ប្រតិភូក្រសួងសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នាព្រលប់ថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេសុី ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១១ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៥ មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ជប៉ុន ព្រមទាំងមានការចូលរួមរបស់តំណាងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍។
ក្នុងពេលធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ុណ្ណោះ ទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាងអាស៊ាន-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការដៃគូសន្ទនាដំបូង អាស៊ាន-ជប៉ុន ដោយជប៉ុន មានបទពិសោធន៍យូរអង្វែងក្នុងការដោះស្រាយផលប៉ះពាល់ពីភាពចាស់ជរារបស់ប្រជាជន ដោយការភ្ជាប់ទំនាក់ទំនងសង្គម និងការរួមបញ្ចូលធីជីថល និងបច្ចេកវិទ្យាដេីម្បីគាំទ្រសង្គម ដែលកិច្ចសហប្រតិបត្តិការនេះ នឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលេីកឡេីងនូវសារគន្លឹះ លេីការអភិវឌ្ឍសុខាភិបាលអាស៊ានប្រកប ដោយចីរភាព និងបរិយាបន្ន មានដូចខាងក្រោម៖
១) អាស៊ានជាអង្គការតំបន់ដ៏មានឥទ្ធិពល បង្កើតឡើងថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ និងមានតួនាទីសំខាន់លើវិស័យនយោបាយ សន្តិសុខ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គម និងសុខាភិបាល។
២) កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងអាស៊ាន ក្រោមការដឹក នាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយឈរនយោបាយការ បរទេសការទូត និងលើច្បាប់អន្តរជាតិ។
៣) ការចូលរួមរបស់កម្ពុជាបានពង្រឹងអាស៊ាន ឱ្យកាន់តែរឹងមាំ មានស្ថេរភាព និងរួមចំណែកដល់សណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយដៃគូសន្ទនា ដូចជា ចិន ជប៉ុន កូរ៉េ និងសហរដ្ឋអាមេ រិក។
ដូចនេះ កម្ពុជាបានចូលរួមចំណែកលេីការផ្តល់ជាគោលនយោបាយ យុទ្ធសាស្ត្រ ដែលជាកំលាំចលករសកម្ម ដែលនាំមកនូវសុខភាព និងសុខុមាលភាពដល់ប្រជាជននៅក្នុងតំបន់ និងពិភពលោក ជាពិសេសប្រជាជនកម្ពុជា ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ និងចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។



