បុណ្យកាន់បិណ្ឌវេនទី៤៖ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញរាប់បាត និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ នៅវត្តគិរីជលសារកោះរ៉ុង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំ ណើរដោយលោក សាមុត សុទ្ធារិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមពិធីរាប់បាត ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងរដូវវស្សា នៅវត្តគិរីជលសារកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានប្រារព្ធពិធីបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ដើម្បីសុំសេចក្តីសុខ ក្សេមក្សាន្ត ភាពសប្បាយរីករាយ និងសុខសន្តិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយពុទ្ធបរិស័ទដែលបានមកធ្វើបុណ្យទាន និងបានសម្តែងនូវការកោតសរសើរចំពោះស្មារតីរួមគ្នាយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។
ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ គឺធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះគុណូបការៈរបស់មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងញាតិកាទាំង ៧សន្តានដែលបានចែកឋាន តាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលផល្លានិសង្ស ជូនដល់វិញ្ញាណក្ខន្ធពួកគាត់ឱ្យបានរួចផុតពីទុក្ខទោស និងបានទៅសោយសុខក្នុងសុគតិភព។ ពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់បុរាណនេះ មិនត្រឹមតែជាកាយវិការទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ តាមរយៈការផ្គត់ផ្គង់ចតុបច្ច័យ និងភត្តាហារដល់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានពង្រឹងសាមគ្គីភាពសង្គមដ៏រឹងមាំ ដោយបានបង្កើតឱកាសឱ្យសាច់ញាតិបានជួបជុំគ្រួសារ រួមគ្នាកាន់បិណ្ឌតាមវត្តអារាម និងជាពេលវេលាអប់រំចិត្តគំនិតតាមផ្លូវធម៌ រក្សាសីល វៀរចាកអំពើបាប ព្រមទាំងរំលឹកស្មារតីអំពីច្បាប់កម្មផល និងភាពមិនទៀងទាត់នៃជីវិតមនុស្សផងដែរ។
អត្ថបទ៖ មនសូត្រ



