នៅដើមខែមករា ឆ្នាំ២០២៧ ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តក្រចេះ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ នៅខេត្តភូមិភាគឦសាន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ បន្ទាប់ពីបានចូលរួមសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើនខែមក។ នេះបើយោងតាមការថ្លែងបញ្ជាក់ ពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូន ផ្ទៃក្នុងកម្ពុជា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជួយជំរុញការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងសកម្មភាពទេសចរណ៍នៅតាមបណ្តាខេត្តនានាក្នុងភូមិភាគឦសាន ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។
លើសពីនេះ ស្ពាននេះក៏បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយជួយកាត់បន្ថយពេលវេលា និងការចំណាយក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ។ ជាពិសេស សិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានកាន់តែងាយស្រួល ខណៈប្រជាពលរដ្ឋក៏អាចធ្វើដំណើរទៅមន្ទីរពេទ្យក្នុងករណីបន្ទាន់ ទោះបីជាពេលយប់ក៏ដោយ ដោយមិនចាំបាច់រង់ចាំឆ្លងសាឡាង និងមានសុវត្ថិភាពជាងមុន។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ហើយបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មក។ ស្ពាននេះមានប្រវែងសរុប ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ ជួយសម្រួលការធ្វើដំណើរ រវាងស្រុកចិត្របុរី ស្ថិតនៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ ស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ ក្នុងខេត្តក្រចេះ៕


