នាយឧត្តមសេនីយ៍ មាស សាវ៉ន៖ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតក៏នឹងផ្តល់ឱ្យយើងនូវមធ្យោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាព

ទោះបីជាមិនមានការជួបជុំដោយផ្ទាល់ក៏ដោយ ក៏កិច្ចប្រជុំតាមប្រព័ន្ធនិម្មិត (Virtual Meeting) នាពេលនេះក៏នឹងផ្តល់ឱ្យយើងនូវមធ្យោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការរៀបចំរួមគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាពេលខាងមុខផងដែរ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការនៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាលប្រទេសអាស៊ានតាមប្រព័ន្ធនិម្មិត ដែលមានការចូលរួមពីប្រធានគណៈប្រតិភូបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះនឹងផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់គណៈប្រតិភូ ដើម្បីចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈប្រកបដោយខ្លឹមសារ និងរៀបចំសេចក្តីព្រាង

សេចក្តីសម្រេចដែលបានស្នើឡើងដោយប្រទេសជាសមាជិក ហើយថាការចូលរួមយ៉ាងសកម្មប្រកបដោយការគិតគូរដ៏មានសារៈសំខាន់នាពេលនេះ គឺជាការលើកទឹកចិត្ត ការឯកភាពគ្នា និងការធានាបាននូវលទ្ធផលជោគជ័យនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥ នាពេលខាងមុខដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC 2026) ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូបណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាលប្រទេសអាស៊ាន (VECONAC) ទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ តាមប្រព័ន្ធនិម្មិតនាពេលនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងក្នុងគោលបំណង ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើឯកសារសំខាន់ៗ របៀបវារៈ កម្មវិធីផ្សេងៗ ព្រមទាំងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា រៀបចំខ្លឹមសារ និងផែនការសកម្មភាពទុកជាមុន ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣៨ និងមហា

សន្និបាត លើកទី២៥ នាពេលខាងមុខ ដែលជាការផ្ដល់ឱកាសឱ្យតំណាងសមាគមអតីតយុទ្ធជននៃប្រទេសជាសមាជិកអាស៊ានទាំងអស់ជួបជុំគ្នាពិភាក្សាស្វែងរកយុទ្ធសាស្ត្ររួម ក្នុងការលើកកម្ពស់សុខុមាលភាព ជីវភាព និងសិទ្ធិប្រយោជន៍របស់អតីតយុទ្ធជន ជនពិការ និងគ្រួសារជនពលីនៅក្នុងតំបន់អាស៊ានទាំងមូល៕