ដើម្បីលើកកម្ពស់សុខុមាលភាព និងស្តារនីតិសម្បទា ដល់ជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឲ្យមានការទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដល់ប្រធានមជ្ឈមណ្ឌល មន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានយល់ដឹងអំពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាព និងស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឲ្យមានការទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

ឯកឧត្តម ជា ចំណាន បានបន្តថា៖ ភាពញៀនគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញដែលប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ថែមទាំងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូលផងដែរ។ វាជាជំងឺដែលទាមទារការយល់ចិត្ត ការយល់ដឹង ហើយសំខាន់បំផុត គឺការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធានាថា គោលនយោបាយ និងកម្មវិធីរបស់ក្រសួង ឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុត ក្នុងវិស័យព្យាបាល និងស្តារនីតិសម្បទា។​ បញ្ហាគ្រឿងញៀន បច្ចុប្បន្នបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលថ្នាក់ដឹកនាំនានា លើពិភពលោក តែងតែលើកយកមកពិភាក្សាក្នុងជំនួបនានា ពីព្រោះវាបានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះសង្គមជាតិ និងជាឧបសគ្គដ៏ធំរារាំង ដល់ការអភិវឌ្ឍជាតិ។ សភាពការណ៍គ្រឿងញៀនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែបង្ហាញឱ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគនៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាមម្សៅ មានការកើនឡើងខ្លាំង ក្នងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានការថយចុះគួរឱ្យកត់សម្គាល់។

ឯកឧត្តមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀននេះ ប្រធានមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងយកទៅអនុវត្ត​ និងក៏ជាលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំឡើង ដើម្បីលើកកម្ពស់សុខុមាលភាព និងការស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ឱ្យទទួលបានសេវាប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភ របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី១១ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ ជាពិសេស ការជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមបណ្តារាជធានី-ខេត្ត បានរួមចំណែកក្នុងការដោះស្រាយ បញ្ហាចង្អៀតណែនអ្នកញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាល នៅតាមមណ្ឌលបណ្តោះអាសន្ននានា ហើយអ្នកជំងឺទាំងអស់នោះនឹងត្រូវពិនិត្យ វាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅព្យាបាល និងស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ បំណិនជីវិតរយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ៕