ទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ខ្លួន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ទីស្ដីការគណៈរដ្ឋមន្ត្រីចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ខ្លួន រយៈពេល៤ថ្ងៃពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនេះ រៀបចំដោយក្រុមការងារជំរឿនរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការមួយចំនួនទៀត ក៏បានអញ្ជើញចូលរួមធ្វើជំរឿន ក្នុងថ្ងៃទី១ នៃការធ្វើជំរឿននេះផងដែរ។ ដោយឡែក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការផ្សេងៗទៀត ក៏នឹងត្រូវធ្វើជំរឿនគ្រប់ៗគ្នាទៅតាមកាលបរិច្ឆេទ និងទីតាំងដែលក្រុមការងារបានកំណត់។
គួរបញ្ជាក់ដែរថា យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១)-កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២)-កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣)-ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង(៤)-កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្ដល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង។







