ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំ ពិភាក្សា លើការពិនិត្យគម្រោងដំឡើងសញ្ញាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់លើផ្លូវសាធារណៈចំនួន ១២ខ្សែ

ខេត្តព្រះសីហនុ៖  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ និងពិភាក្សា ស្តាប់បទបង្ហាញស្តីពីការរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក សម្រាប់ការចតយានយន្តតាម «ថ្ងៃសេស-ថ្ងៃគូ» និងផ្លាកសញ្ញាហាមចត លើដងផ្លូវចំនួន ១២ខ្សែ ក្នុងក្រុងព្រះសីហនុ ​និងមានការចូលរួមពីប្រធានមន្ទីរ-អង្គភាពជំនាញដែលពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
​ឯកឧត្តម ម៉ាង ណេត អភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្តលើខឿនក្រានីត Pass-up និងដើម្បីលម្អសោភ័ណភាពទីក្រុងឱ្យកាន់តែមានរបៀបរៀបរយ។ ហើយ កិច្ចប្រជុំក៏ជាវេទិកាពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗ ក្នុងការរៀបចំអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាទីក្រុងគំរូផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយចីរភាព។
ឯកឧត្តមអភិបាលខេត្ត បានឯកភាពលើធាតុចូលរបស់អង្គប្រជុំ ដោយបានដាក់ចេញនូវទិសដៅអនុវត្តដូចជា ​អនុវត្តសាកល្បងជាជំហានៗ ជ្រើសរើសខ្សែផ្លូវអាទិភាពមួយចំនួនក្នុងចំណោមផ្លូវទាំង ១២ខ្សែ យកមកអនុវត្តសាកល្បងជាមុនសិន មុននឹងបន្តពង្រីកការអនុវត្តឱ្យបានគ្របដណ្តប់ពេញលេញ មុននឹងឈានទៅដល់ការអនុវត្តជាផ្លូវការ រដ្ឋបាលខេត្តនឹងធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយរយៈពេល ១ខែយ៉ាងតិច ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត និងសាធារណជន អោយបានទូលំទូលាយ មុននិងឈានទៅដល់ការអនុវត្ត។
​គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នភូមិសាស្ត្រក្រុងព្រះសីហនុ កំពុងប្រឈមនឹងបញ្ហាខ្វះខាតទីតាំងចំណតយានយន្តគ្រប់ប្រភេទ។ ដូចនេះ ការរៀបចំយន្តការចតយានយន្តតាម «ថ្ងៃសេស-ថ្ងៃគូ» គឺជាដំណោះស្រាយដ៏សមស្រប និងចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃមធ្យោបាយធ្វើដំណើរ និងដើម្បីលើកកម្ពស់ក្រុងព្រះសីហុឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

អត្ថបទ មនសូត្រ