ជំនួបដំបូងរបស់ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលចាប់តាំងពីមេដឹកនាំទាំងពីរសហការគ្នាផ្តើមសង្គ្រាមជាមួយរដ្ឋអ៊ីរ៉ង់និងកំពុងស្ថិតក្នុងស្ថានភាពតានតឹងរៀងៗខ្លួន  

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតី Donald Trump បានជួបគ្នានៅសេតវិមានកាលពីថ្ងៃអង្គារនេះជាលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរ បានចាប់ផ្តើមសង្គ្រាមរួមគ្នាប្រឆាំងនឹងរដ្ឋឥស្លាមអ៊ីរ៉ង់ ដោយផ្តល់ឱកាសឱ្យលោក Netanyahu អាចបន្ធូរបន្ថយនូវភាពតានតឹងក្នុងទំនាក់ទំនងរបស់ពួកគេដែរ។ កិច្ចប្រជុំបិទទ្វារនេះមានរយៈពេលជិត១ម៉ោងកន្លះ ហើយមាន «ភាពវិជ្ជមាន និងមានប្រសិទ្ធិភាពច្រើន» នេះបើយោងតាមការបញ្ជាក់របស់អគ្គលេខាធិការសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Karoline Leavitt។ សេតវិមាន និងការិយាល័យនាយករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតភ្លាមៗនោះទេ។ ជំនួបនេះបានកើតឡើងនៅពេលដែលមេដឹកនាំទាំងពីរប្រឈមមុខនឹងសម្ពាធពិភពលោកកាន់តែខ្លាំងឡើងទាំងថ្នាក់តំបន់ និង សកល។ លោក Netanyahu កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងប្រទេស ហើយលោកកំពុងស្ថិតក្នុងស្ថានភាពលំបាកមួយផ្នែក ដោយសារតែទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនបន្តិចរវាងលោក និងជាមួយលោក Trump ផ្ទាល់។ លោកប្រធានាធិបតី Donald Trump ក៏កំពុងស្ថិតនៅក្រោមសម្ពាធដូចគ្នាដើម្បីបញ្ចប់សង្គ្រាមដែលមិនមានប្រជាប្រិយភាព បានបង្កជាការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច និងជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និង ប្រែប្រួលមិនឈប់ឈរ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោកមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ លោក Trump បានបង្ហាញពីភាពតានតឹងមួយចំនួនជាមួយលោក Netanyahu មុនពេលកិច្ចប្រជុំរបស់ពួកគេមកដល់ ដោយលោកបានត្អូញត្អែរអំពីរបាយការណ៍ដែលថាមេដឹកនាំអ៊ីស្រាអែលមានគម្រោងពិភាក្សាអំពីព័ត៌មានស៊ើបការណ៍សម្ងាត់លើសកម្មភាពរបស់អ៊ីរ៉ង់នៅតំបន់ភ្នំ Pickaxe ដែលជាទីតាំងនុយក្លេអ៊ែរដ៏មានសក្តានុពល ដែលប្រធានាធិបតីអាមេរិកបានគំរាមកំហែងម្តងហើយម្តងទៀតថានឹងទម្លាក់គ្រាប់បែកនៅទីនោះ។ មេដឹកនាំទាំងពីរក៏មានគម្រោងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចុះហត្ថលេខាជាមួយប្រទេសលីបង់ លើសង្គ្រាមអ៊ីស្រាអែលនិងហេសបូឡា ព្រមទាំងពង្រីកកិច្ចព្រមព្រៀង Abraham  ផងដែរ នេះបើយោងតាមមន្ត្រីសេតវិមានម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអានាមិក ដើម្បីរក្សាតុល្យភាពនៃកិច្ចប្រជុំ។ សូមរំលឹកថាកាលពីថ្ងៃចន្ទនេះ លោកប្រធានាធិបតី Trump បានឆ្លើយសំណួរ អ្នកយកព័ត៌មានថាតើទស្សនៈវិស័យរបស់លោក និងលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ដូចគ្នាដែរឬទេលើបញ្ហាអ៊ីរ៉ង់? ស្រាប់តែពេលនោះលោកប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧រូបនេះបានឆ្លើយ “វាមិនអីទេ ប៉ុន្តែវាក៏ជិតបិទបញ្ចប់ដែរ”៕

សម្រួលអត្ថបទ៖ សុផារិន្ទ