គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋានជាតិ AIPA ដែលសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
គណៈប្រតិភូជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង រួមជាមួយមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំលេខាធិការដ្ឋានជាតិអន្តរសភាអាស៊ាន ដែលរៀបចំឡើងក្រោមការធ្វើជាម្ចាស់ផ្ទះរបស់ សភាហ្វីលីពីន ដែលរៀបចំធ្វើនូវសណ្ឋាគារ Shangri-la នៅទីក្រុងម៉ានីឡាប្រទេសហ្វីលីពីននាព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2026 នេះ។
ក្នុងឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ តំណាងសភាហ្វីលីពីន ក្នុងនាមជាម្ចាស់ផ្ទះ បានធ្វើបទបង្ហាញ និងរៀបរាប់យ៉ាងលម្អិតអំពីរបៀបវារៈ ផែនការសកម្មភាព និងដំណើរការនៃកម្មវិធីនានា ដែលនឹងត្រូវប្រព្រឹត្តទៅជាបន្តបន្ទាប់ ដើម្បីធានាឱ្យកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធរបស់អន្តរសភាអាស៊ាន (AIPA) ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលេខាធិការដ្ឋានជាតិ AIPA ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ត្រៀមលក្ខណៈបច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភានៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ សំដៅគាំទ្រដល់ការងាររបស់ថ្នាក់ដឹកនាំ និងសមាជិកសភា ក្នុងការជំរុញការអភិវឌ្ឍ និងសុខដុមរមនាក្នុងតំបន់អាស៊ានទាំងមូល៕


