កាន់តែងាយស្រួល ! ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង «បាគងទៅកាន់ពិភពលោក» ដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេសតាមរយៈទូរសព្ទដៃ
ភ្នំពេញ ៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋកម្ពុជាអស់កង្វល់ និងកាន់តែងាយស្រួល ដោយធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ សេវាទូទាត់ឆ្លងដែនថ្មីមួយ គឺ «បាគងទៅកាន់ពិភពលោក» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ បាគង អាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេស តាមរយៈមុខងារ Tap-to-Pay ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ឬកាន់ប័ណ្ណទូទាត់តាមខ្លួនឡើយ។
ការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ បានធ្វើឡើងក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោង «បាគងទៅកាន់ពិភពលោក» ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Google ដោយមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទំនាក់ទំនង។
អ្នកប្រើប្រាស់កម្មវិធីបាគង អាចបង្កើតប័ណ្ណទូទាត់និម្មិត Visa ឬ Mastercard ដោយផ្ទាល់នៅក្នុងកម្មវិធីបាគង បន្ទាប់មកភ្ជាប់ប័ណ្ណទាំងនោះទៅកាន់កាបូបឌីជីថល Google Pay នៅលើទូរសព្ទដៃរបស់ខ្លួន។ អ្នកប្រើប្រាស់អាចប្រើប្រាស់ប័ណ្ណនិម្មិតនេះ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មតាមប្រព័ន្ធអនឡាញ ឬគ្រាន់តែយកទូរសព្ទដៃទៅប៉ះនឹងម៉ាស៊ីនទូទាត់ប្រាក់ (POS) ដោយមិនចាំបាច់បញ្ចូលកាតនោះទេ។
គម្រោង «បាគងទៅកាន់ពិភពលោក» គឺជាការបោះជំហានថ្មីមួយទៀតសម្រាប់បាគង ដោយវិវត្តពីប្រព័ន្ធទូទាត់ក្នុងស្រុក ទៅជាច្រកទូទាត់ទូទាំងសកលលោក។
កិច្ចសហការនេះនឹងតភ្ជាប់ប្រព័ន្ធទូទាត់ជាតិរបស់កម្ពុជា ទៅនឹងបណ្តាញទូទាត់ជាសកលរបស់ Visa និង Mastercard ដោយផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយទូទាត់ប្រាក់ដែលទំនើប មានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តគ្រប់ទីកន្លែងដែលពួកគេធ្វើដំណើរ៕


