ខេត្តព្រះសីហនុ ទទួលស្វាគមន៍ក្រុមម៉ូតូធំប្រមាណជាង ២០០គ្រឿង ក្នុងព្រឹត្តិការណ៍ខួប ៥ឆ្នាំ របស់ Satunadi MC Cambodia ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀនចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អ្នកបើកបរម៉ូតូធំ ប្រមាណជាង ២០០គ្រឿង មកពី ២៤ក្រុមផ្សេងៗគ្នា ដែលបានជួបជុំគ្នានៅលើទឹកដីនៃខេត្តតំបន់ឆ្នេរមួយនេះ ក្នុងឱកាសអបអរសាទរពិធីខួបលើកទី៥ នៃការបង្កើតក្លឹបម៉ូតូធំ Satunadi MC Cambodia នសរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេនវិមានឯករាជ្យ ក្រុងព្រះសីហនុ។
លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន សាទុណាឌី អ៊ឹមស៊ី ខេមបូឌា (Satunadi MC Cambodia) ដែលបានរៀបចំចាត់តាំងព្រឹត្តិការណ៍នេះឡើង។ លោកបានមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជាការជួបជុំបង្ហាញពីសាមគ្គីភាពក្នុងចំណោមអ្នកនិយមជិះម៉ូតូធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញ «ទេសចរណ៍យានយន្ត» ឲ្យកាន់តែមានភាពរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទេសចរណ៍ និងការផ្លាស់ប្តូរនិន្នាការទេសចរណ៍សម័យថ្មី រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មលើការងារសំខាន់ៗជាច្រើនរួមមាន កែលម្អប្រព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។ ទាក់ទាញការវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ រៀបចំ វិថីម្ហូបអាហារ និងពង្រឹង អេកូទេសចរណ៍ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ ក៏ដូចជាពង្រឹងស្តង់ដារសេវាកម្មទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រើយន្តការបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយ។ បង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងរៀបចំវេទិកា ឬព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ឱ្យបានគង់វង្ស ព្រមទាំងធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរទាំងយប់ទាំងថ្ងៃ។
លោក បានអោយដឹងទៀតថា ការងារទាំងអស់នេះ គឺត្រូវបានអនុវត្តស្របតាមទិសដៅនៃ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ដោយមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន។
ព្រឹត្តិការណ៍ជួបជុំម៉ូតូធំជិត ២០០គ្រឿងនាពេលនេះ បានបង្កើតនូវបរិយាកាសយ៉ាងកកកុញ និងបន្សល់ទុកនូវរូបភាពដ៏ស្រស់ស្អាតនៅកណ្តាលក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃការឆ្លុះបញ្ចាំងពីសន្តិសុខ សុវត្ថិភាព និងភាពរីកចម្រើននៃតំបន់ឆ្នេររបស់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖មន្ទីរព័ត៍មាន ខេត្តព្រះសីហនុ

