ខេត្តព្រះសីហនុ ជំរុញសក្ដានុពលទេសចរណ៍រដូវកាលបៃតង និងពង្រឹងគុណភាពអនាម័យម្ហូបអាហារប្រចាំខេត្តឱ្យឈានដល់ស្តង់ដារអន្តរជាតិ !
ខេត្តកំពត៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកទេសចរណ៍ បានថ្លែងក្នុងវេទិកាជែកពិភាក្សា “សក្ដានុពលទេសចរណ៍ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង” នៅសណ្ឋាគារ Castle Bayview Resort & Spa ខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ពីហេដ្ឋារចនាសម្ព័ ន្ធរបស់ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ជាពិសសេសចំណុចសំខាន់ៗដែលជាសក្កានុពលរបស់ខេត្តព្រះសីហនុ ដូចជា៖
-ការផ្សព្វផ្សាយទេសចរណ៍៖ រដ្ឋបាលខេត្តបានរៀបចំយុទ្ធនាការ “ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ – កម្ពុជា” រយៈពេល ២ថ្ងៃ ដោយមានការចូលរួមពីអាជីវករ អ្នកលក់ និងក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។
-តំបន់ទេសចរណ៍លេចធ្លោ៖ ក្នុងរដូវកាលបៃតង ខេត្តព្រះសីហនុមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនដូចជា កោះរ៉ុង, កោះរ៉ុងសន្លឹម, និងកោះតូចៗ , រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ, ទឹកធ្លាក់ថ្មរំលេច, សហគមន៍ថ្មរូង,សហគមន៍ទេសចរណ៍ព្រែកកោងកាង,រមណីយដ្ឋានឆ្នេរមាស ឆ្នេរប្រាក់, Wonderland ព្រមទាំងតំបន់ឆ្នេរសមុទ្រដ៏ស្អាត និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ (ឆ្នេរអូរជើទាល, ឆ្នេរសុខា, ឆ្នេរអូរត្រេះ ជាដើម)។
-មុខម្ហូបប្រចាំខេត្ត៖ មុខម្ហូបសមុទ្រស្រស់ៗ និងមានលក្ខណៈពិសេសរួមមាន បង្កងប៉ាកបំពង, ក្តាមសេះស្ងោរ, មឹកអាំង, ត្រីតុកកែបំពងទឹកស៊ីអ៊ីវ, បាយក្តាំងឆ្នេរថ្មី, និងមាន់ខ្នុរស្ទឹងហាវឆ្ងាញ់ប្លែក ព្រមទាំងមានម្ហូបអាហារអន្តរជាតិសម្បូរបែបផងដែរ។
ទន្ទឹមនឹងនេះ លោកអភិបាលរង ខេត្ត ក៏បានលើកឡើងពីយន្តការលើកកម្ពស់ស្តង់ដារ អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រែក្លាយម្ហូបអាហារប្រចាំខេត្តឱ្យមានស្តង់ដារទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣គឺ៖
១.ការដាក់ចេញបទដ្ឋានគតិយុត្ត និងការចុះត្រួតពិនិត្យ៖ សហការជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យអនាម័យ សុវត្ថិភាពម្ហូបអាហារជាប្រចាំនៅតាមអាជីវដ្ឋាន ភោជនីយដ្ឋាន និងអ្នកលក់តាមឆ្នេរ ដើម្បីទប់ស្កាត់សារធាតុគីមីហាមឃាត់ និងតម្រូវឱ្យអនុវត្តវិធានការអនាម័យជុំវិញបរិស្ថាន។
២.កម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព៖ រៀបចំវគ្គបណ្តុះបណ្តាលខ្លីៗជូនដល់ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរ អំពីសុវត្ថិភាព និងអនាម័យចំណីអាហារ ព្រមទាំងបណ្តុះបណ្តាលលើបច្ចេកទេសកែច្នៃ និងការដេគ័រមុខម្ហូបឱ្យមានភាពទាក់ទាញ។
៣. ការដាក់ឱ្យអនុវត្តស្តង់ដារទេសចរណ៍ និងប្រព័ន្ធឆ្លើយតប៖ ជំរុញការទទួលបានប័ណ្ណសរសើរ ឬស្លាកសញ្ញាគុណភាព និងរៀបចំប្រព័ន្ធវាយតម្លៃ រួមទាំងការផ្តល់មតិយោបល់ ដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈកម្មការជំនាញអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ផូង ថៃ


