ក្រសួងសុខាភិបាល និងអង្គការ UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា។
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី នារសៀលថ្ងៃពុធទី២៣ ខែកញ្ញា នៅទីស្តីការក្រសួងសុខាភិបាលក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មថ្មី នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ដែលបានបន្តតាំងពីឆ្នាំ១៩៩៣ មក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្ររបស់អង្គការ UNICEF ដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការផ្គត់ផ្គង់បរិក្ខារសុខាភិបាលថ្មី ព្រមទាំងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារ (ឆ្នាំ២០២៤-២០២៨)។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា ឆ្នាំ២០២៤-២០២៨ ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៦ រួមមាន៖
១. អាហារូបត្ថម្ភ (SUN)៖ ពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។
២. សុខភាពមាតា ទារក និងកុមារ៖ ពង្រឹងសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសនៅតាមបណ្តាខេត្តភាគឦសាន។
៣. បរិវត្តកម្មឌីជីថល៖ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់ថ្នាំបង្ការអេឡិចត្រូនិក។
៤. ការចាក់ថ្នាំបង្ការ និងសមធម៌៖ បន្តស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។
៥. ប្រព័ន្ធសហគមន៍៖ ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់ និងលើកកម្ពស់សេវាថែទាំសុខភាពបឋមនៅមូលដ្ឋាន។
៦. សុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ នៅក្នុងវិស័យសុខាភិបាល និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាព។
ជាចុងក្រោយ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈផែនការសកម្មភាពរួម (MOH-UNICEF Rolling Plan) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។



