កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥, លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ, ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅទីស្តីការក្រសួងទេសចរណ៍។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពិតជាមានមហាកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលជាវេទិកាអន្តរជាតិដ៏សំខាន់សម្រាប់បង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការច្នៃប្រឌិត និងសក្តានុពលរបស់កម្ពុជា ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់ទេសចរណ៍ ការបង្ហាញម្ហូបអាហារ និងការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជា ទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ ៩០ ប្រទេស និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តង់ និងទីតាំងពិព័រណ៍ទាំងអស់នៅក្នុង Village de la Francophonie នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបើកឱកាសឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សិល្បករ អ្នកផលិត និងដៃគូអភិវឌ្ឍន៍ ចូលរួមបង្ហាញសមិទ្ធផល សក្តានុពលទេសចរណ៍ ផលិតផល វប្បធម៌ និងការវិនិយោគរបស់កម្ពុជា លើឆាកអន្តរជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន សមាគមឧស្សាហកម្មទេសចរណ៍ អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សិល្បករ អ្នកផលិត និងគ្រឹះស្ថានអប់រំ ឱ្យចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ និងរៀបចំសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ផលិតផល និងសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំង និងពិភពលោក ព្រមទាំងរួមគ្នាបង្ហាញមុខមាត់ និងមោទនភាពជាតិរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាពនេះ។
សូមជម្រាបជូនថា ស្តង់ និងទីតាំងពិព័រណ៍ទាំងអស់នៅក្នុង Village de la Francophonie នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបើកឱកាសឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សិល្បករ អ្នកផលិត និងដៃគូអភិវឌ្ឍន៍ ចូលរួមបង្ហាញសមិទ្ធផល សក្តានុពលទេសចរណ៍ ផលិតផល វប្បធម៌ និងការវិនិយោគរបស់កម្ពុជា លើឆាកអន្តរជាតិ ៕



