ក្រសួងសាធារណៈការ គ្រោងសាងសង់ផ្លូវខ្នែងបន្ថែម លើផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ទៅពញាក្រែក ឆ្ពោះទៅច្រកម៉ឺនជ័យ

ភ្នំពេញ ៖ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផ្លូវជាតិលេខ ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ស្រុកពញាក្រែក ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៧។

គម្រោងស្ថាបនាផ្លូវជាតិលេខ ៨ ដែលមានប្រវែងប្រមាណ ១២៩ គីឡូម៉ែត្រ ពីរង្វង់មូលព្រែកតាមាក់ ខេត្តកណ្ដាល ឆ្ពោះទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នឹងមានការសាងសង់ផ្លូវខ្នែងលេខ៨៨ បន្ថែម ឆ្ពោះទៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ–តឺនណាម ជាប់ព្រំដែនកម្ពុជា–វៀតណាម។

ការតភ្ជាប់នេះរំពឹងថា នឹងជួយពង្រឹងបណ្តាញផ្លូវគមនាគមន៍នៅតំបន់ភាគខាងកើតកម្ពុជា និងបង្កើនភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការតភ្ជាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា–វៀតណាម។

ការចុះពិនិត្យនៅតាមបណ្តោយខ្សែផ្លូវនេះ មានគោលបំណងសិក្សានិងវាយតម្លៃស្ថានភាពជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំ និងកែលម្អគម្រោងផ្លូវជាតិលេខ៨ ឱ្យឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់នាពេលអនាគត។

ផ្លូវជាតិលេខ ៨ មានប្រវែងសរុបប្រមាណ ១២៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រៅពីគម្រោងសាងសង់ខ្សែផ្លូវដ៏សំខាន់នេះ ក៏មានសាងសង់ផ្លូវខ្នែងលេខ ៨៨ តភ្ជាប់ឆ្ពោះទៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ–តឺនណាម នៅតាមព្រំដែនកម្ពុជា–វៀតណាម។ ការតភ្ជាប់ផ្លូវនេះមានសារៈសំខាន់ ជាពិសេសសម្រាប់បង្កើនលទ្ធភាពចូលទៅកាន់តំបន់ព្រំដែន និងជួយសម្រួលដល់លំហូរទំនិញរវាងប្រទេសទាំងពីរ។

ផ្លូវជាតិលេខ ៨ ត្រូវបានចាត់ទុកជាខ្សែផ្លូវយុទ្ធសាស្ត្រមួយ ដែលដើរតួនាទីជាសរសៃឈាមដឹកជញ្ជូនភ្ជាប់ពីរាជធានីភ្នំពេញ តាមខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ឆ្ពោះទៅតំបន់ភាគខាងកើត និងតំបន់ព្រំដែនកម្ពុជា–វៀតណាម។

គម្រោងស្ថាបនាផ្លូវនេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសហគមន៍តាមរយៈការកាត់បន្ថយពេលវេលាធ្វើដំណើរ និងជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញផ្សេងៗទៅកាន់ទីផ្សារ។ ជាពិសេស សម្រាប់តំបន់ដែលមានសកម្មភាពកសិកម្ម និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ការមានហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលមានគុណភាព និងការតភ្ជាប់ទៅច្រកព្រំដែន អាចជួយបង្កើនឱកាសសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់៕