ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នា បើកសម្ពោធកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ និងម្ហូបអាហារខ្មែរ
តាមរយៈកិច្ចសហការដ៏រឹងមាំ និងចក្ខុវិស័យរួមគ្នា ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន មានមោទនភាពក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធីដំណើរទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញមួយ ដែលមានឈ្មោះថា «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ រំលេចនូវរសជាតិម្ហូបអាហារប្រចាំតំបន់នៅតាមភូមិស្រុកនីមួយៗ និងពង្រឹងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរបស់ប្រទេសកម្ពុជាឱ្យកាន់តែរស់រវើក។ ដើម្បីឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងពីរនេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្តីក្រសួងទេសចរណ៍។
ការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិរបស់ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់គ្របដណ្តប់ផ្ទៃប្រទេសរបស់ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះនឹងរៀបចំឡើង ដើម្បីរំលេចនូវរមណីយដ្ឋានទេសចរណ៍សំខាន់ៗ ជួយពង្រឹងសមត្ថភាពអាជីវកម្មធុនតូច និងមធ្យម (SMEs) ក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅតាមសហគមន៍។ ក្នុងនាមជាដៃគូឌីជីថលយុទ្ធសាស្ត្រដ៏មោះមុត ក្រុមហ៊ុន មិត្តហ្វូន បានផលិត និងផ្សព្វផ្សាយកម្មវិធីដំណើរទេសចរណ៍លើប្រព័ន្ធឌីជីថលចំនួន ៧វគ្គ ដែលផ្តោតលើការបង្ហាញនូវម្ហូបអាហារប្រចាំតំបន់ រំលេចនូវមរតកកេរដំណែលម្ហូបអាហារខ្មែរដ៏មានតម្លៃ សិល្បករណែនាំដំណើរទេសចរណ៍ និងដំណើររឿងដ៏ទាក់ទាញជ្រាបចូលក្នុងសហគមន៍នៅតាមបណ្តាខេត្តទាំង៧ នៃប្រទេសកម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីចំណុចសំខាន់នៃកម្មវិធីនេះ ក្នុងការប្រើប្រាស់ឥទ្ធិពលវប្បធម៌ អំណាចទន់ និងការចូលរួមរបស់យុវជន ថា៖ «ម្ហូបអាហារ គឺជាផ្នែកមួយយ៉ាងសំខាន់នៃអត្តសញ្ញាណទេសចរណ៍ និងជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលរបស់កម្ពុជា។ កម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» គឺមិនត្រឹមតែជាកម្មវិធីផ្សព្វផ្សាយម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសមួយក្នុងការជួយបើកឱកាសឱ្យប្រជាជនកម្ពុជា ជាពិសេស ក្រុមអ្នកបង្កើតមាតិកាវ័យក្មេង ឱ្យក្លាយជាទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយដល់សហគមន៍របស់ពួកគេដោយផ្ទាល់។ តាមរយៈការប្រើប្រាស់បណ្តាញឌីជីថល ដើម្បីចែករំលែករឿងរ៉ាវពិតៗអំពីស្រុកកំណើត និងវប្បធម៌ កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន នឹងចូលរួមគាំទ្រដល់អាជីវកម្មក្នុងស្រុក ជំរុញកំណើនទេសចរណ៍ក្នុងស្រុក ព្រមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ថា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងសម្បូរបែបដោយវប្បធម៌»។
លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន មិត្តហ្វូន បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិថា៖ «ខណៈដែលសេដ្ឋកិច្ចឌីជីថលកំពុងបង្កើតឱកាសរីកចម្រើនថ្មីៗ វិស័យទេសចរណ៍បានប្រែក្លាយជាស្ពានតភ្ជាប់អត្តសញ្ញាណវប្បធម៌ជាតិទៅកាន់ពិភពលោក។ សម្រាប់ ក្រុមហ៊ុន មិត្តហ្វូន កម្មវិធីនេះបានបង្ហាញពីទស្សនវិស័យស្នូល គឺភាពរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តាមរយៈកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» យើងបានទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងបណ្តាញតភ្ជាប់របស់យើង ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរ និងបង្កើតនូវផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាសហគមន៍»។
កម្មវិធីនេះ មានចំនួន ៧ វគ្គ ដែលនឹងត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ តទៅ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធឌីជីថលនានារបស់ក្រុមហ៊ុន មិត្តហ្វូន និងផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន អំពាវនាវដល់សាធារណៈជន ក៏ដូចជា ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមទស្សនា និងជួយផ្សព្វផ្សាយតាមរយៈ ចែករំលែកកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីស្វែងយល់ពីមរតកវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប ឱជារសនៃការចម្អិនអាហារប្រចាំតំបន់ដែលផ្សារភ្ជាប់ក្នុងបេះដូងដ៏ជ្រាលជ្រៅ រមណីយដ្ឋានសំខាន់ៗ ព្រមទាំង ទំនៀមទម្លាប់នៃការរស់នៅ និងការប្រកបរបអាជីវកម្មដ៏សាមញ្ញ នៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕



