ក្រសួងការងារ ចាប់ដៃគ្នាជាមួយស្រុកឆាងហឹង ប្រទេសកូរ៉េ បើកឱកាសការងារថ្មីតាមរដូវកាល សម្រាប់ពលករកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង ខេត្តឆូលឡាណាមដូ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ការចុះ MoU នេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហការ និងពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរ ក្នុងវិស័យកិច្ចសហប្រតិបត្តិការការងារ រួមទាំងការផ្តល់ពលករតាមរដូវកាល តាមរយៈកម្មវិធីពលករតាមរដូវកាលបរទេស (FSW) ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សា ស៊ុនមូន និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ ដែលអំណោយផលដល់ការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការបស់និយោជកកូរ៉េ។ ឯកឧត្តមបានអរគុណចំពោះរដ្ឋបាលស្រុកឆាងហឹង ដែលផ្តល់ការទុកចិត្ត និងកិត្តិយសទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការនៅក្នុងឆ្នាំ២០២៧ ខាងមុខ តាមរយៈការចុះ MoU នេះ។ ការចាប់ដៃគ្នាជាមួយស្រុកឆាងហឹងនាពេលនេះ គឺជាការបើក សករាជថ្មីបន្ថែមទៀតសម្រាប់ពលករកម្ពុជា ដែលជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារ និងទទួលបានជំនាញផ្នែកកសិកម្មបន្ថែមមួយកម្រិតទៀតសម្រាប់យកមកអនុវត្តនៅកម្ពុជានៅពេលត្រឡប់មកវិញ។
ឯកឧត្តមបានជម្រាបជូនថា ក្នុងការបន្តចុះ MoU បញ្ជូនពលករទៅធ្វើការនៅកូរ៉េជាច្រើន កម្ពុជាទទួលបានកូតាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ជួយដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរបស់កូរ៉េ ដែលក៏បញ្ជាក់ឱ្យឃើញពីគុណភាពនៃការបញ្ជូនរបស់កម្ពុជា ជាពិសេសពីការគ្រប់គ្រងនីតិវិធីបញ្ជូន និងសមត្ថភាពនៃការធ្វើការរបស់ពលករ។ ដូច្នេះកម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្នុងស្រុកឆាងហឹង ប្រកបដោយការជឿទុកចិត្តបាន។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងមានធនធានជាច្រើនសម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ស្រុកឆាងហឹង ដោយបានជ្រើសរើសបេក្ខជនដែលមានបទពិសោធការងារក្នុងវិស័យកសិកម្ម ដើម្បីត្រៀមរួចជាស្រេចក្នុងការបញ្ជូនទៅកូរ៉េ ខណៈដែល ការទៅធ្វើការនៅទីនោះគឺជា “ក្តីស្រមៃ” មួយរបស់ពលករកម្ពុជា ដោយសារតែលក្ខខណ្ឌការងារល្អ និងថៅកែចិត្តល្អ។ ឯកឧត្តមសង្ឃឹមថា ថៅកែកូរ៉េនឹងផ្តល់ភាពកក់ក្តៅ ហើយរដ្ឋបាលស្រុកឆាងហឹង នឹងផ្តល់ការគាំទ្រយកចិត្តទុកដាក់ដល់ពលករកម្ពុជា ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មឆ្លាតវៃបែបទំនើប។ លើសពីនេះ ឯកឧត្តមក៏សង្ឃឹមយ៉ាងមុតមាំថា ស្រុកឆាងហឹង នឹងបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការកាន់តែច្រើន ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះអាចពង្រីកលើវិស័យដទៃទៀត នៅពេលអនាគតផងដែរ។
ជាការឆ្លើយតប លោក សា ស៊ុនមូន បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ព្រមទាំងបានចុះហត្ថលេខាលើ MoU នាពេលនេះ ដែលជាការចាប់ដៃគ្នាបង្កើតកិច្ចសហការយ៉ាងស្អិតល្មួត ដើម្បីភាពរីកចម្រើនរួមគ្នាលើគ្រប់វិស័យនាពេលអនាគត។ លោកបានលើកឡើងថា ស្រុកឆាងហឹង កំពុងប្រឈមកង្វះកម្លាំងពលកម្មលើផ្នែកជាច្រើន។ ហេតុនេះ វត្តមានពលករកម្ពុជានឹងដោះស្រាយជួយបញ្ហានេះ និងពង្រឹងផ្នែកកសិកម្ម និងផ្នែកផ្សេងៗទៀតរបស់កូរ៉េផងដែរ ដោយលោកអះអាងថា នឹងខិតខំធ្វើឱ្យពលករកម្ពុជាទទួលអារម្មណ៍ថា ធ្វើការនៅទីនោះ គឺដូចជាស្រុកកំណើតទីពីរ និងចង់ត្រឡប់ទៅធ្វើការជាថ្មីម្តងទៀត។
ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រែក្លាយ MoU នេះឱ្យទៅជាការអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងរលូន ពេញលេញ និងទទួលបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៍រវាងប្រជាជនកម្ពុជា-កូរ៉េ និងពង្រឹងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលយូរអង្វែង ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយក្នុងវិស័យការងារ ជាពិសេសជាមួយស្រុកឆាងហឹង៕


