កិច្ចប្រជុំក្រុមការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍ និងគោលនយោបាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ក.យ.ផ.គ.សកដ.) ស្ដីពីការពិនិត្យរបាយការណ៍តាមដាន និងត្រួតពិនិត្យសមិទ្ធកម្មផែនការសកម្មភាពអាទិភាពប្រចាំនព្វមាស(៩ខែ)ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទក្រសួង
ទីស្តីការក្រសួង៖ នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី និងជាប្រធានក្រុមការងារ ក.យ.ផ.គ.សកដ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមការងារក.យ.ផ.គ.សកដ. ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារ រួមជាមួយមន្ត្រីបង្គោលមកពីគ្រប់អង្គភាព ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យសមិទ្ធកម្មផែនការសកម្មភាពអាទិភាពប្រចាំនព្វមាស ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទក្រសួង និងស្វែងយល់ពីបញ្ហាប្រឈមនានារបស់អង្គភាពនីមួយៗ រួមជាមួយការដាក់ចេញទិសដៅនិងវិធានការអនុវត្តបន្ត ដើម្បីពន្លឿននិងជំរុញសម្រេចឱ្យបានជោគជ័យនូវសកម្មភាពអាទិភាពឆ្នាំ២០២៦ តាមផែនការដែលបានគ្រោងទុក។
បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យគ្រប់អង្គភាព ត្រៀមរៀបចំធ្វើអាទិភារូបនីយកម្មផែនការសកម្មភាពអាទិភាពឆ្នាំ២០២៧ នាពេលខាងមុខ ឱ្យបានកាន់តែច្បាស់លាស់ ប្រាកដប្រជា និងអាចអនុវត្តបាន ដោយត្រូវផ្សារភ្ជាប់ជាមួយធនធានជាក់ស្តែង ជាពិសេសផែនការយុទ្ធសាស្រ្តថវិកា ដើម្បីឆ្លើយតបឱ្យបានជោគជ័យទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅការងារអាទិភាពរបស់ក្រសួង។
ទន្ទឹមនេះ លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានណែនាំឱ្យលេខាធិការដ្ឋានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីក្របខ័ណ្ឌ M&E-MPWT ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបង្គោលនៅតាមអង្គភាពនីមួយៗ និងត្រូវសហការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេស EU ដើម្បីស្នើសុំជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលមន្រ្តីបង្គោលទាំងអស់ឱ្យមានសមត្ថភាពពេញលេញក្នុងការអនុវត្តនូវមុខងារវាយតម្លៃ នាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ៕



