កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន៖ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាច ក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេ ខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមក្នុង កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។
កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួ (Xinhua News Agency) សហការជាមួយទីភ្នាក់ងារព័ត៌មានជាតិ Kabar របស់សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ដោយមានការចូលរួមពីតំណាងស្ថាប័នសារព័ត៌មាន វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក និងដៃគូរបស់អង្គការសហប្រតិបត្តិការសៀង ហៃ។ក្រោមមូលបទ «សារៈសំខាន់នៃស្មារតីសៀងហៃក្នុងយុគសម័យថ្មី៖ ពីការឯកភាពលើតម្លៃ ឆ្ពោះទៅការអនុវត្តកិច្ចសហប្រតិបត្តិការ» កិច្ចប្រជុំកំពូលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបួន រួមមាន ទី១. សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ទី២. កិច្ចសហប្រតិបត្តិការផ្តោតលើលទ្ធផលជាក់ស្តែង ទី៣. អភិបាលកិច្ចសកល និងទី៤. ការបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅដោយមានសម័យប្រជុំពេញអង្គ កិច្ចពិភាក្សាតាមក្រុម ពិព័រណ៍រូបថត ព្រមទាំងទស្សនកិច្ចសិក្សាទៅកាន់តំបន់វប្បធម៌ និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ការសិក្សាស្វែងយល់ និងការចែករំលែកបទពិសោធរវាងបណ្តាប្រទេសចូលរួម។
ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការសិក្សា និងស្វែងយល់ពីគោលនយោ បាយ ទស្សនវិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យព័ត៌មាន ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និងការកសាងលំហព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ។ វេទិកានេះក៏ផ្តល់នូវបទពិសោធល្អៗ តាមរយៈការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មាន អ្នកស្រាវជ្រាវ និងតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ការផលិតខ្លឹមសារតាមទម្រង់ផ្សព្វផ្សាយចម្រុះបែប ការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វ ផ្សាយ និងការឆ្លើយតបនឹងបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មាន។
វត្តមានរបស់ប្រតិភូក្រសួងព័ត៌មាននៅក្នុងវេទិកាអន្តរជាតិនេះ ក៏ជាផ្នែកមួយនៃការពង្រីកបេសកកម្ម «ការទូតព័ត៌មាន» របស់កម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ការយល់ដឹង ការកសាងទំនុកចិត្ត និងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ កម្ពុជាអាចបន្តពង្រីកបណ្តាញភាពជាដៃគូជាមួយស្ថាប័នសារព័ត៌មាន និងវិទ្យា ស្ថានស្រាវជ្រាវនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស ការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ក្រសួង ព័ត៌មានកម្ពុជា និងទីភ្នាក់ងារព័ត៌មានស៊ីនហួ ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន និងខ្លឹមសារសារព័ត៌មាន ការផលិតបទយកការណ៍ និងកម្មវិធីរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ព្រមទាំងការចែករំលែកបទពិសោធលើការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថល បញ្ញាសិប្បនិម្មិត និងឧបករណ៍ទំនើបក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។
ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ SCO ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការទូតព័ត៌មាន និងលើក កម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងសន្តិភាព ការយល់ដឹងគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហ ប្រតិបត្តិការដើម្បីផលប្រយោជន៍រួម៕












