កសិករដាំបន្លែសុវត្ថិភាព សប្បាយរីករាយ ក្នុងការប្រមូលផលដំណាំបន្លែ (មើមការ៉ុត) ដែលទទួលបានទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ
មណ្ឌលគិរី ៖ ដំណាំបន្លែសុវត្ថិភាពនៅខេត្តមណ្ឌលគិរី កំពុងមានតម្រូវការខ្ពស់ពីអតិថិជន ព្រោះមានគុណភាព និងមានតម្លៃសមរម្យ ជាក់ស្តែងនៅចុងខែមេសា ឆ្នាំ២០២៦នេះ កសិករឈ្មោះ ឡុង នី បានធ្វើការប្រមូលផលដំណាំបន្លែ ( មើមការ៉ុត ) ដែលបានដាំសាកល្បង និងធ្វើការពិសោធន៍ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ឡុង នី ជាកសិករដាំដំណាំ ការ៉ុត បានឱ្យដឹងថា ដំណាំការ៉ុត នៅក្នុងខេត្តមណ្ឌលគិរីនេះ កសិករមិនសូវមានអ្នកដាំច្រើននោះទេ ហើយផ្នែកទីផ្សារ ក៏មានការខ្វះខាត ដូច្នេះ បានជាកសិកររូបនេះ ចាប់អារម្មណ៍ដាំដំណាំការ៉ុតនេះ សាកល្បង និងពិសោធន៍ដំណាំការ៉ុតនេះ នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការអនុញ្ញាតិពីលោកបណ្ឌិត សុង ឃាង ជាប្រធានមន្ទីរ ។ កសិកររូបនេះ បញ្ជាក់ថា ការដាំដំណាំការ៉ុតនេះ លោក រំពឹងថា ក្នុង ១ម៉ែត្រការ៉េ បានត្រឹម ២គីឡូប៉ុណ្ណោះ អាចចំនេញបានខ្លះ តែឥឡូវនេះ ដំណាំការ៉ុត រយៈពេលជាង ៣ខែមកនេះ ចាប់ផ្តើមបានប្រមូលផល បើប្រៀបធៀមគិតជាមធ្យមគឺ ១ម៉ែត្រការ៉េ ទទួលបាន ២គីឡូកន្លះ ។ កសិករ បន្ថែមទៀតថា ការដាំដុះដំណាំការ៉ុតនេះ ការជ្រើសរើសពូជ បានត្រឹមត្រូវ និងការប្រើប្រាស់ធាតុចូល តាមលក្ខណៈបច្ចេកទេស រួមទាំងមានការណែនាំពីមន្រ្តីជំនាញ ឃើញថាទិន្នផល លើសពីការរំពឹងទុក ដែលយើងដាំធម្មតា។ កសិកររូបនេះ នឹងបន្តនាំយកចំណេះជំនាញ ដែលទទួលបានបទពិសោធន៍ថ្មី នៃការដាំដំណាំការ៉ុតនេះ ផ្សព្វផ្សាយដល់កសិករដទៃទៀត ឱ្យធ្វើតាមលក្ខណៈបច្ចេកទេស នឹងទទួលបានទិន្នផល គួរជាទីពេញចិត្ត។
លោក ឡុង នី ជាកសិករដាំបន្លែសុវត្ថិភាព បន្តថា ការដាំដំណាំការ៉ុតនេះ បានជួយផ្គត់ផ្គង់តាមទីផ្សារនានា ជាពិសេស ផ្តោតលើការនាំចេញទៅផ្សារទំនើប រាជធានីភ្នំពេញ ដែលបានចុះកិច្ចសន្យា ហើយដំណាំការ៉ុតនេះ មិនទាន់ឆ្លើយតប តាមតម្រូវការទីផ្សារនៅឡើយទេ ដោយដំណាំនេះ មិនងាយនឹងការដាំដុះ គឺទាមទារឱ្យកសិករត្រូវចេះតស៊ូ ព្យាយាម ហើយដំណាំការ៉ុតនេះ មានរយៈពេលយូរ អាចប្រឈមនឹងជំងឺ បើយើងមិនទប់ស្កាត់ និងដោះស្រាយទាន់ពេលវេលា៕



