កសិករគួរប្រើស្មាតហ្វូននៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗសម្រាប់របរកសិកម្ម៖ ឯកឧត្តមបណ្ឌិត កៅ ថាច
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញដល់កសិករ ឱ្យចេះប្រើទូរស័ព្ទស្មាតហ្វូនមកបម្រើឱ្យផលប្រយោជន៍នៅក្នុងមុខរបរកសិកម្មរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ព័ត៌មានសំខាន់ៗដែលកសិករគួរតាមដាន មានដូចជា ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស ព័ត៌មានអំពីការកែច្នៃ និងព័ត៌មានអំពីការស្វែងរកដើមទុន ជាដើម។
ឯកឧត្តមអគ្គនាយក ARDB មានប្រសាសន៍ថា៖ “កសិករសម័យនេះមិនដូចកសិករសម័យមុន ។ កសិករសម័យនេះ ដៃកាន់សុទ្ធតែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូនធ្វើជាម្ចាស់លើយើង។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន ។ មានន័យថា ប្រើស្មាតហ្វូនដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូននឹងធ្វើឱ្យយើងជាអ្នកប្រើ អូស ឬស្ក្រូលរហូតអត់បានទៅមើលចម្ការ រវល់ជាប់មើលរឿងអត់ប្រយោជន៍ច្រើន តាមហ្វេសប៊ុក”។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង ២០០នាក់។
ឯកឧត្តមបណ្ឌិត លើកឡើងថា កង្វះព័ត៌មានកសិកម្ម ជាបញ្ហាចោទមួយសម្រាប់បងប្អូនកសិករ ហើយទាមទារឱ្យមានការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយជាងមុន ហើយបងប្អូនកសិករគួរព្យាយាមវិភាគ ដើម្បីឱ្យដឹងថា ព័ត៌មាននោះពិត ឬមិនពិត ល្អ ឬមិនល្អ ។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា “ដូចនេះខ្ញុំសូមក្រើនរំលឹកថា ប្រយ័ត្នទូរស័ព្ទធ្វើជាអ្នកគ្រប់គ្រងយើងវិញ។ តាមពិតយើងជាម្ចាស់ទូរស័ព្ទហើយ តែដល់ពេលយើងប្រើប្រាស់ វាធ្វើជាម្ចាស់យើងវិញ វាអត់ឱ្យយើងទៅណារួច។ វាជាចោរប្លន់ពេលវេលារបស់ម្ចាស់។ ដូច្នេះប្រើប្រាស់វាផង ហើយព័ត៌មានទាំងនេះបើបងប្អូនចង់រក មាននៅក្នុងផេកហ្វេសប៊ុករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផេកហ្វេសប៊ុករបស់សមាគមបណ្តាញកសិករតេជោ អាចមានព័ត៌មានតារាងតម្លៃរបស់កសិផលមានច្រើនប្រភេទ តម្លៃសាច់ តម្លៃពងទា ពងមាន់ តម្លៃត្រី តម្លៃលក់ដុំ និងតម្លៃលក់រាយ”។


