កម្មវិធីបញ្ជាំងកុនខ្នាតតូចសម្រាប់កុមារប៉ាឡេស្ទីននៅតំបន់ GAZA ជាចំណែកជួយដល់ពួកគេឱ្យបំភ្លេចនូវភាពឈឺចាប់ ការលំបាកនៃវិនាសកម្មសង្រ្គាមបានមួយកម្រិតដែរ
កុមារជាច្រើននាក់អង្គុយលើដីក្នុងចំណោមគំនរកំទេចកំទីដ៏ធំ និងតាមជួរសំពត់តង់នៅក្នុងទីក្រុងហ្គាហ្សា ដោយកែវភ្នែករបស់ពួកគេផ្តោតលើរូបតុក្កតាដែលចាក់បញ្ចាំងលើអេក្រង់ធំមួយ។ ទោះបីជាទឹកមុខរបស់ពួកគេមិនសូវស្រស់ថ្លាក្តី តែពួកគេហាក់រសាយមួយគ្រាដែរ ខណៈដែលអ្នកខ្លះអង្គុយលើគំនរបាក់បែកនៃទីខ្ពស់ៗ ដើម្បីមើលរូបភាពពីអេក្រង់ឲ្យកាន់តែច្បាស់។ គម្រោងរោងកុន Little Wings ដែលរៀបចំដោយអង្គការ Al-Mashharawi បាននាំយកភាពយន្តពេលរាត្រីដល់គ្រួសារដែលផ្លាស់ទីលំនៅនៅទូទាំងតំបន់ហ្គាហ្សា ដោយអ្នករៀបចំកម្មវិធីបានបញ្ចាំងភាពយន្តរៀងរាល់ពីរថ្ងៃម្តង នៅទីតាំងផ្សេងៗគ្នា ដើម្បីផ្តល់ជូនទៅកាន់កុមារឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលវាក៏មានលាយលំជាមួយនឹងការអប់រំ ខណៈដែលពួកគេខកខានទស្សនាទូរទស្សន៍ជាង២ឆ្នាំមកហើយ។ “ការបញ្ចាំងភាពយន្តទាំងនេះគឺធ្វើដំណើរពាសពេញតំបន់ហ្គាហ្សា ពីខាងជើងទៅខាងត្បូង រវាងសំពត់តង់ និងជម្រកបណ្តោះអាសន្ន នេះជាសំដីរបស់ Yafa Mashharawi ជាអ្នកត្រួតពិនិត្យគម្រោងរោងកុនកុមារ។ Mashharawi បានបន្ថែមថា ក្នុងនោះយើងក៏មានសកម្មភាពដូចជាការគូរមុខ ដែលបម្រើអារម្មណ៍ពួកគេបំភ្លេចនូវបរិយាកាសនៃភាពបំផ្លិចបំផ្លាញ និងសង្គ្រាមបានផងដែរ” សម្រាប់កុមារ។ កុមារដែលបានចំណាយពេលភាគច្រើននៃជីវិតរបស់ពួកគេក្នុងចំណោមសង្គ្រាម និងការផ្លាស់ទីលំនៅ ការបញ្ចាំងភាពយន្ត គឺពិតជាបានផ្តល់នូវការសម្រាកបណ្តោះអាសន្នពីបរិស្ថានជុំវិញពួកគេបាន។ នាង Taghreed Jameel ដែលជាស្ត្រីផ្លាស់ទីលំនៅ បាននាំចៅៗរបស់គាត់មកទស្សនាកម្មវិធីនេះ ហើយបាននិយាយថា “កុមារទាំងអស់ហាក់មានសេចក្តីរីករាយអំឡុងពេលទស្សនា “។ ប្រជាជនភាគច្រើនលើសលប់ចំនួន២លាននាក់នៅក្នុងតំបន់ហ្គាហ្សា បានពឹងផ្អែកលើក្រុមជំនួយសម្បុរសធម៌មានដូចជាអាហារ ទឹក ការថែទាំសុខភាព ជម្រក និងរបស់ចាំបាច់ផ្សេងទៀត បន្ទាប់ពីការវាយលុករយៈពេលជាង២ឆ្នាំរបស់អ៊ីស្រាអែលបានបំផ្លាញទឹកដីភាគច្រើនដែលពួកគេធ្លាប់រស់នៅយ៉ាងសុខសាន្ត។ មនុស្សរាប់រយ រាប់ពាន់នាក់កំពុងរស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន ហើយការកសាងឡើងវិញមិនទាន់ចាប់ផ្តើមនៅឡើយទេ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏រង្គោះរង្គើមួយដែលបានចូលជាធរមានក្នុងខែតុលាកន្លងទៅ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



