កម្ពុជា ប្តេជ្ញាពង្រីកភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខមនុស្សធម៌អន្តរជាតិ
ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Peter M. Wagner ប្រធានទទួលបន្ទុកកិច្ចការគោលនយោបាយបរទេស (Director – Head of the Service for Foreign Policy Instruments – FPI) របស់សហភាពអឺរ៉ុប នាឱកាសនៃសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីនអ៊ុយក្រែន (Ukraine Mine Action Conference 2026) នៅទីក្រុងព្រុចសែល។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ពិសេសចំពោះការប្រកាន់ជំហរអព្យាក្រឹតនិងសន្តិវិធី លើការដោះស្រាយបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ប្រជាជនភៀសសឹក។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានជម្រាបជូនអំពីស្ថានភាព និងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះដែលបន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងបានស្នើឱ្យសហភាពអឺរ៉ុបពិចារណាពង្រីកការគាំទ្រទៅកាន់តំបន់រងផលប៉ះពាល់ផ្សេងទៀតតាមព្រំដែន ដែលកំពុងគំរាមកំហែងដល់សុវត្ថិភាព ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងក្រុមការងារតំបន់របស់ FPI ដើម្បីជំរុញសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងក្នុងតំបន់។ ដោយផ្អែកលើបទពិសោធន៍ជាងបីទសវត្សរ៍ក្នុងសកម្មភាពមីន កម្ពុជាត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗដែលទទួលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមក៏បានលើកឡើងអំពីការរួមចំណែករបស់កម្ពុជា ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន តាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់អ្នកជំនាញដោះមីនអ៊ុយក្រែន។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនាញ គ្រូបង្គោល និងទីតាំងបណ្តុះបណ្តាល ដើម្បីគាំទ្រដល់សកម្មភាពដោះមីនមនុស្សធម៌នៅអ៊ុយក្រែន ក្រោមកិច្ចសហការ និងការគាំទ្រពីសហភាពអឺរ៉ុប។
ជាការឆ្លើយតប លោក Peter M. Wagner បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងសកម្មភាពមនុស្សធម៌។ លោក Peter M. Wagner ក៏បានកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចំពោះឆន្ទៈរបស់កម្ពុជាក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ ហើយលោកក៏បានទទួលពិចារណាសំណើរបស់កម្ពុជា ផងដែរ។
ភាគីទាំងពីរបានឯកភាពគ្នាថា គោលដៅសំខាន់បំផុតនៃសកម្មភាពមីន គឺការការពារប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជំនួបនេះបានបញ្ជាក់នូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខមនុស្ស។


