ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាសូមសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតដ៏សកម្មរបស់ ឯកឧត្តម ស្ទីវិន ប៉ាង ដែលបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។ ទំនាក់ទំនងការទូតជាង ៦ទសវត្សរ៍រវាងប្រទេសទាំងពីរ បានបន្តរីកចម្រើនយ៉ាងរឹងមាំ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើជំរុញកិច្ចសហប្រតិបត្តិការសភា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្រុមមិត្តភាពសភាប្រទេសទាំងពីរ។ ការបង្កើនការគាំទ្រ និងពិគ្រោះយោបល់គ្នានៅលើវេទិកាសភាតំបន់ និងអន្តរជាតិ (ដូចជា AIPA, IPU និង APPF) និងការចែករំលែកបទពិសោធន៍ពីសិង្ហបុរីលើវិស័យច្បាប់ បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ និងការបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យា ដើម្បីកសាងសភាឌីជីថល។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍លើកឡើងពីបញ្ហា សេដ្ឋកិច្ច វិនិយោគ និងថាមពលបៃតង និងថា សិង្ហបុរីនៅតែបន្តជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគឈានមុខគេមួយនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ ឡូជីស្ទីក អចលនទ្រព្យ និងសេវាកម្ម។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីការគាំទ្រផ្នែកច្បាប់លើគម្រោងយុទ្ធសាស្ត្ររួមគ្នាក្នុងការនាំចេញថាមពលកកើតឡើងវិញ  ពីកម្ពុជាទៅកាន់សិង្ហបុរីដែលជាគំរូដ៏សំខាន់សម្រាប់តំបន់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា តាមរយៈកម្មវិធី SCP ដែលឆ្លើយតបចំគោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា  ព្រមទាំងរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ជាពិសេសនាយករដ្ឋមន្ត្រី Lawrence Wong និងរដ្ឋមន្ត្រីការបរទេស Vivian Balakrishnan ដែលបានបង្ហាញជំហរម៉ឺងម៉ាត់គាំទ្រការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការតុលាការអន្តរជាតិ (ICJ)។

ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតសិង្ហបុរី បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា សិង្ហបុរី គឺកម្ពុជាបានប្រកាសទទួលស្គាល់ឯករាជ្យតាំងពីពេលដែលសិង្ហបុរីទទួលបានឯករាជ្យភ្លាមៗមកម្ល៉េះ ហើយចំណងទាក់ទងរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តពូនជ្រំកាន់តែល្អប្រសើរឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម ឯកឧត្ដមនឹងខិតខំបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ឯកឧត្ដមបានបន្ថែមថា មានវិស័យជាច្រើនដែលសិង្ហបុរី និងកម្ពុជាអាចធ្វើការរួមគ្នាបន្ថែមទៀត ជាពិសេសការភ្ជាប់ទំនាក់ទំនងវិស័យទេសចរណ៍រវាងសិង្ហបុរី និងកម្ពុជាតាមរយៈជើងហោះហើរជាច្រើនដែលសិង្ហបុរីទទួលបានក្នុងមួយឆ្នាំៗ ដោយគ្រាន់តែជំរុញឱ្យភ្ញៀវទេសចរ បន្តដំណើរកម្សាន្តមកកាន់កម្ពុជាជាបន្ត គឺគ្រាន់តែចំណាយពេលហោះហើរត្រឹមតែជាង២ម៉ោងទៀតប៉ុណ្ណោះពីសិង្ហបុរី មកកាន់កម្ពុជា។ ឯកឧត្តមបានធ្វើការកត់សម្គាល់ថា កម្ពុជាគឺមានអ្វីៗច្រើនណាស់ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ គឺមានតំបន់ទេសចរណ៍ជាច្រើនទៀត មានភាពស្រស់ស្អាតនៃសម្លៀកបំពាក់បែបប្រពៃណី មានរបាំបុរាណ មានម្ហូបអាហារដ៏ឆ្ងាញ់ ចំណែករាជធានីភ្នំពេញក៏មានភាពស្រស់ស្អាតទាក់ទាញផងដែរ។ 

ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីករណីយុវតីសិង្ហបុរីឈ្មោះ Siti Aishan Siregar ដែលសមត្ថកិច្ចកម្ពុជាបានរកឃើញប្រកបដោយសុវត្ថិភាពនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។ លទ្ធផលស៊ើបអង្កេតបញ្ជាក់ថា នេះជាបញ្ហាវិវាទផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ ពុំមែនជាករណីចាប់ជម្រិត ឬការជួញដូរមនុស្សឡើយ។ កម្ពុជាមានការសោកស្តាយចំពោះស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួន ដែលបានចុះផ្សាយខ្វះវិជ្ជាជីវៈ និងបំភ្លៃការពិត ព្រមទាំងបានស្នើឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួយសម្របសម្រួលកែតម្រូវ និងផ្សព្វផ្សាយការពិត ដើម្បីរក្សាកិត្តិយសកម្ពុជា និងបញ្ចៀសការយល់ច្រឡំជាសាធារណៈ។

ជាការឆ្លើយតប ឯកឧត្តម ស្ទីវិន ប៉ាង  បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរកម្ពុជាដែលខិតខំស្រាវជ្រាវរកឃើញយុវតីសិង្ហបុរីរូបនោះ និងបង្ហាញការពិត ករណីនេះមិនទាក់ទងនឹងបញ្ហា Scam online នោះទេ គឺកើតឡើងពីការយល់ច្រឡំរបស់ក្រុមគ្រួសារនាង និងក៏បានធ្វើការសុំទោសចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។

ទាំងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មអនឡាញ គឺជាបញ្ហាសកល ដែលត្រូវធ្វើកិច្ចសហការរួមគ្នា ជាមួយបណ្ដាប្រទេសនានា ដើម្បីលុបបំបាត់បញ្ហានេះ។ ភាគីទាំងពីរក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការរួមគ្នាបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ៕