លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញរាប់បាត្រ និងកាន់បិណ្ឌវេនទី៥ នៅវត្តព្រះវិហារធំ សសរ១០០ ខេត្តក្រចេះ

ក្រចេះ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមរាប់បាត្រ និងកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តព្រះវិហារធំ សសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការរាប់បាត្រប្រគេនព្រះសង្ឃ និងប្រគេនចង្ហាន់ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន និងបងប្អូនដែលបានចែកឋានទៅកាន់លោកខាងមុខ។

ការចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ក៏ជាការរួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ព្រមទាំងបង្ហាញពីការគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានដ៏សំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ជាតិ៕